លោក វ៉ាង វិនពីន គាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្តល់អាហារូបករណ៍សិស្ស- និស្សិតកម្ពុជាទៅសិក្សានៅចិន

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោក ឡាវ វ៉ាន់ ប្រធាន​ការិយាល័យ​កិច្ចការ​និស្សិត​ក្រៅប្រទេស នៃសមាគម​សិស្ស-និស្សិត​អាហារូបករណ៍​សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី (អ.ម.ត) បានដឹកនាំ​គណៈប្រតិភូ​ចូលជួប​សម្តែង​ការគួរសម និងជូនពរ​ឆ្នាំថ្មីប្រពៃណីចិន​ចំពោះលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា នៅស្ថានទូតចិន រាជធានី​ភ្នំពេញ។

លោក ឡាវ វ៉ាន់ បានពាំនាំ​ការផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍ និងជា​ប្រធាន​សមាគម អ.ម.ត និងការថ្លែង​អំណរគុណ​ចំពោះ​ស្ថានទូតចិន​ប្រចាំ​កម្ពុជា ដែលបាន​ផ្តល់អាហារូបករណ៍​រដ្ឋាភិបាល​ចិន ជូនដល់​គណៈកម្មាធិការ​អាហារូបករណ៍​នាពេល​កន្លងមក។

លោកបាន​រំលេច​ពីសមិទ្ធផល​ឆ្នាំ២០២៤ របស់​គណៈកម្មាធិការ​អាហារូបករណ៍ និងសមាគម អ.ម.ត ក្រោមការ​ដឹកនាំ​របស់​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងកិច្ចសហប្រតិបត្តិការ​ល្អជាមួយ​ស្ថានទូតចិន​ប្រចាំ​កម្ពុជា ក្នុងការ​បង្កើន​បរិមាណ​និងពង្រឹង​គុណភាព​ដល់សិស្ស-និស្សិត​កម្ពុជា ទទួលបាន​ឱកាស​កាន់តែច្រើន​ពីរដ្ឋាភិបាល​ចិន បន្ថែម​ពីលើ​បរិមាណ​និស្សិត​កម្ពុជា​ចំនួន ១៦៧ នាក់ ដែលបាន​និងកំពុង​បន្ត​ការសិក្សា​នៅប្រទេស​ចិន ក៏ដូចជា​សិស្ស-និស្សិត​កម្ពុជា​ប្រមាណ ៨០ នាក់ ដែលកំពុង​ត្រៀមខ្លួន​ទៅបន្ត​ការសិក្សា​នៅប្រទេស​ចិន សម្រាប់​ឆ្នាំសិក្សា២០២៥-២០២៦ ផងដែរ។

ជាការឆ្លើយតប លោក វ៉ាង វិនពីន បានថ្លែង​នូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កំណើន​មូលធន​មនុស្ស​របស់​កម្ពុជា។ លោកក៏បាន​បង្ហាញ​នូវឆន្ទៈ​បន្ត​គាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់បេសកកម្ម​របស់​គណៈកម្មាធិការ​អាហារូបករណ៍​និងសមាគម អ.ម.ត៕

你可能还喜欢

评论被关闭。