៤២ គម្រោងក្រោមទុនវិនិយោគ ៥៦៤ លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល
គម្រោងចំនួន ៤២ ទៀតក្រោមទុនវិនិយោគ ៥៦៤ លានដុល្លារអាម៉េរិក នៅក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំលើកទី១៣ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបើកកិច្ចប្រជុំលើកទី១៣ ក្នុងក្របខណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ដើម្បីពិនិត្យគម្រោងវិនិយោគនិងធុរកិច្ចដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី។
អង្គប្រជុំបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤២ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១៥ គម្រោងថ្មីចំនួន១២ ការពង្រីកគម្រោងចំនួន៣ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២ គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥ លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧ ៣០៨ កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់ គម្រោងផ្ទះលម្ហែនៅកោះរ៉ុងសន្លឹម គម្រោងរមនីយដ្ឋានអេកូកសិ-ទេសចរណ៍ គម្រោងសួនឧស្សាហកម្ម គម្រោងសណ្ឋាគារ និង គម្រោងអគារពហុមុខងារ។
លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានថ្លែងថា រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។
សម្រាប់ទិសដៅការងារក្នុងឆ្នាំ២០២៥ ក្រុមការងារត្រូវបន្តបំពេញភារកិច្ចស្នូលចំនួន ៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរ៖ (១) បន្តពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការប្រឹក្សាយោបល់ និង បដិសណ្ឋារកិច្ច និងធ្វើការផ្សព្វផ្សាយដើម្បីទាក់ទាញ និងជំរុញការវិនិយោគក្នុងក្របខណ្ឌនៃយន្តការច្រកចេញចូលតែមួយ។ (២) បន្តពិនិត្យនិងជំរុញការអនុវត្តគម្រោងវិនិយោគនិងធុរកិច្ច រួមទាំងការផ្តល់ការលើកទឹកចិត្តជាក់ស្តែងដល់គម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយ ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និង ដំណើរការអនុវត្តគម្រោងក្នុងក្របខណ្ឌនៃការផ្តល់សេវាថែទាំវិនិយោគ និងការសម្របសម្រួល។ (៣) បន្តពង្រឹងសមត្ថភាពនិងការរៀបចំធនធានមន្ត្រី ដោយប្រកាន់ខ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវនិងមានគុណវុឌ្ឍិ ក្នុងការគ្រប់គ្រងដឹកនាំអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពនិងភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗ៕
评论被关闭。