រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន៖ កម្ពុជាប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាម៉េរិក
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា កម្ពុជាមានការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងចំណងមិត្តភាពជាមួយសហរដ្ឋអាម៉េរិក ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
លោក ប្រាក់ សុខុន បានថ្លែងបែបនេះនៅក្នុងពិធីលៀងសាយភោជន៍ អបអរខួបគម្រប់ ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសារៈមន្ទីរជាតិ រាជធានីភ្នំពេញ។
លោកបានថ្លែងអំណរគុណអាម៉េរិកចំពោះកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយកម្ពុជា និងបានលើកឡើងពីការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាមួយអាម៉េរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ព្រមទាំងរីករាយចំពោះសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីនាឆ្នាំកន្លងទៅនេះ រាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន រហូតដល់ការបន្តកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធា។ លោកក៏បានកត់សម្គាល់នូវការបញ្ជូនមកវិញនូវរតនសម្បតិ្តរបស់កម្ពុជាដែលត្រូវបានយកចេញពីកម្ពុជាកាលពីសម័យសង្គ្រាមផងដែរ។
ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា លោកស្រី Bridgette L. Walker បានថ្លែងក្នុងពិធីនោះផងដែរថា ប្រជាជនគឺជានិមិត្តរូបនៃការស្វែងរកការរួបរួមគ្នារវាងអាម៉េរិកនិងកម្ពុជា ក្នុងការចាប់យកនូវភាពរុងរឿង សន្ដិភាព និង វឌ្ឍនភាព។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ក៏បានកត់សម្គាល់ផងដែរថា ការប្រារព្ធខួបនៃទំនាក់ទំនងការទូត នឹងបញ្ជាក់ពីភាពទូលំទូលាយនៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃការគោរព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សហរដ្ឋអាម៉េរិកបានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់ជាមួយប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក Donald R. Heath ឱ្យធ្វើជាតំណាងវិសាមញ្ញនិងពេញសមត្ថភាព លោកបានថ្វាយសារតាំងទៅព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។ ពេលនោះ ការិយាល័យតំណាងសហរដ្ឋអាម៉េរិកបានបើកនៅភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ១៩៥០ ដោយយកសណ្ឋាគារឡឺរ៉ូយ៉ាល់ជាកន្លែងធ្វើការដំបូងរបស់ស្ថានទូត៕
评论被关闭。