ស្ថាប័នរដ្ឋនិងវិស័យឯកជនបង្កើតកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និង ជំនាញទីផ្សារ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយវត្តមានរបស់លោក Allen Zhang អនុប្រធាន Alibaba Cloud Intelligence International។
លោកស្រី ចម និម្មល បានថ្លែងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ជាជំហានយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក និងអាជីវកម្មតាមគ្រួសារខ្នាតតូច ដែលរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ដូចមានជាក់ស្តែងក្នុងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ចេញ។ លើសពីនេះ ការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមថ្នាលឌីជីថល បានផ្តល់នូវកាលានុវត្តភាពធំធេងសម្រាប់ធុរកិច្ចក្នុងការពង្រឹងនិងចាប់យកឱកាសទីផ្សារបន្ថែមពីលើទីផ្សាររូបវ័ន្តជាលក្ខណៈប្រពៃណី និងអាចចូលរួមបង្កើនភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ។
លោកស្រីបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្មជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited នាពេលនេះ មានគោលបំណងចម្បងសំខាន់ចំនួន ២ ៖ (១) ការតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល និង (២) ការបង្កើនអានុភាពជូនដល់អាជីវករនិងផលិតករកម្ពុជា។
លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ធ្វើឡើងក្នុងគោលបំណងផ្ដោតលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការចំនួន ៣ ៖ (១) ការបង្កើតថ្នាលពាណិជ្ជកម្មអេឡិចត្រូនិច (២) ការផ្តល់វគ្គបណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពផ្នែកពាណិជ្ជកម្ម ធុរកិច្ច និង ទីផ្សារឌីជីថល និង (៣) ការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងភស្តុភារ ដើម្បីជំរុញប្រសិទ្ធភាពទីផ្សារពាណិជ្ជកម្មក្នុងស្រុក និងផ្សារភ្ជាប់ពាណិជ្ជកម្មកម្ពុជាទៅនឹងទីផ្សារពាណិជ្ជកម្មអន្តរជាតិ។
លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាជំហានសម្រាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការចូលរួមជំរុញវិស័យពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់ប្រទេសកម្ពុជា បង្កើនសក្តានុពលនៃសហគ្រិន និងអ្នកបច្ចេកទេសផ្នែកពាណិជ្ជកម្មនិងធុរកិច្ចឌីជីថលក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងសង្គមឌីជីថល ប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្នសម្រាប់កម្ពុជា៕
评论被关闭。