KOICA សន្យាផ្តល់ហិរញ្ញប្បទាន ១១,៧ លានដុល្លារ សម្រាប់កំណែទម្រង់ និងកសាងសមត្ថភាពសាលាភូមិន្ទរដ្ឋបាលកម្ពុជា

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) បានសន្យា​ផ្តល់ហិរញ្ញប្បទាន​ចំនួន ១១,៧ លាន​ដុល្លារអាម៉េរិក ដើម្បី​ពង្រឹង​សមត្ថភាព​របស់​សាលា​ភូមិន្ទ​រដ្ឋបាល សម្រាប់​កំណែទម្រង់​អភិបាលកិច្ច និងការ​ធ្វើឱ្យ​ស្ថាប័ន​នេះកាន់តែ​ប្រសើរឡើង។

ការសន្យា​ផ្តល់ហិរញ្ញប្បទាន​ខាងលើ បានធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បញ្ចប់​បូកសរុប សម្រាប់​ការសិក្សា​ស៊ីជម្រៅ​នៃគម្រោង​ដែលធ្វើឡើង​នៅសាលា​ភូមិន្ទ​រដ្ឋបាល​កាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និងលោកស្រី Shin Jungyeon នាយក​ស្តីទី​នៃការិយាល័យ KOICA កម្ពុជា។

លោក ហ៊ុន ម៉ានី បានលើកឡើង​ពីវិធានការ​សំខាន់ៗ​នៃកំណែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា រួមមាន​ការអនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រីរាជការ ការកសាង​សមត្ថភាព​ស្ថាប័ន និង ប្រព័ន្ធ​លើកទឹកចិត្ត។

លោកបាន​កត់សម្គាល់​ថា ការដាក់ឱ្យ​ដំណើរការ​ទាន់ពេល​វេលា​របស់​គម្រោង KOICA ឆ្លុះបញ្ចាំង​ពីសារៈសំខាន់​របស់​ខ្លួនក្នុងការ​គាំទ្រ​ដល់គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល។ គម្រោង​នេះ ផ្តោតសំខាន់​លើការ​ពង្រឹង​សមត្ថភាព​ប្រតិបត្តិការ តាមរយៈ​ការផ្តល់​សេវា​ពិគ្រោះ​យោបល់​លើប្រព័ន្ធ​ជ្រើសរើស​មន្ត្រី​រាជការ និងប្រព័ន្ធ​បណ្តុះបណ្តាល ដោយផ្តោត​ជាពិសេស​លើការ​គាំទ្រ​ដល់ការ​កសាង​សមត្ថភាព សម្រាប់​ការប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​និងសារគមនាគមន៍ (ICT) ក្នុងវិស័យ​អប់រំ។ លើសពីនេះទៀត ការបង្កើត​វេទិកា​អប់រំ​តាមប្រព័ន្ធ​អ៊ីនធឺណិត នឹងធ្វើឱ្យ​មន្ត្រី​រាជការ​អាចទទួល​បានការ​បណ្តុះ​បណ្តាល​ទាំងតាម​ប្រព័ន្ធ​អ៊ីនធឺណិត​និងក្រៅប្រព័ន្ធ ដែលរួម​ចំណែក​ដល់គោលដៅ​របស់​សាលា​ភូមិន្ទ​រដ្ឋបាល ក្នុងការ​បង្កើន​ចំនួន​មន្ត្រី​រាជការ​ដែលបាន​ទទួលការ​បណ្តុះ​បណ្តាល​ប្រចាំឆ្នាំ។ គម្រោង​នេះក៏នឹង​គាំទ្រ​ដល់វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើបរិវត្តកម្ម​ឌីជីថល​ដើម្បី​គ្រប់គ្រង​សាធារណៈ។

KOICA បានធ្វើការ​សិក្សា​លទ្ធភាព​ដំបូង​សម្រាប់​គម្រោង​ខាងលើ​ក្នុងខែធ្នូ ឆ្នាំ២០២៣។ ការសិក្សា​លទ្ធភាព​ទទួលបាន​លទ្ធផល​វិជ្ជមាន ដែលនាំឱ្យ KOICA អនុម័ត​លើការ​អភិវឌ្ឍ​គម្រោង​ចំនួន ១១,៧ លានដុល្លារ សម្រាប់​រយៈពេល ៥ ឆ្នាំ ចាប់ពី​ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ នេះជា​ការបន្ថែម​ចំនួន ១,៧ លានដុល្លារ និងជា​ការពន្យារ​រយៈពេល ២ ឆ្នាំ បើធៀបនឹង​សំណើដើម​នៃគម្រោង ១០ លាន​ដុល្លារ​ក្នុងរយៈពេល ៣ ឆ្នាំ៕

你可能还喜欢

评论被关闭。