កម្ពុជាបង្កើតចំណូលបានជាង ៤២៦ លានដុល្លារពីការនាំចេញកង់ក្នុងឆ្នាំ២០២៤
អគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា កម្ពុជាបង្កើតចំណូលបាន ៤២៦,៨៩ លានដុល្លារអាម៉េរិកពីការនាំចេញកង់និងកង់អគ្គិសនីក្នុងឆ្នាំ២០២៤ ថយចុះជិត ១៣% បើធៀបនឹងឆ្នាំ២០២៣ ដែលសម្រេចបានជាង ៤៨៩ លានដុល្លារ។
កង់របស់កម្ពុជាគឺជាផលិតផលដ៏មានសក្តានុពលមួយ ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែដោយសារទទួលរងនូវផលប៉ះពាល់ពីកត្តាសេដ្ឋកិច្ចសកល ធ្វើឱ្យការនាំចេញកង់នេះបានធ្លាក់ចុះ។ ក្នុងនោះគឺការផលិតកង់នៅកម្ពុជាមានគុណភាព តែមានតម្លៃថ្លៃគួរសម ចំពេលដែលសេដ្ឋកិច្ចសកលនិងតំបន់មានការធ្លាក់ចុះ ទើបបណ្តាលឱ្យការនាំចេញកង់របស់កម្ពុជាមានការធ្លាក់ចុះ។
ទីផ្សារសំខាន់ៗសម្រាប់ផលិតផលកង់របស់កម្ពុជា រួមមានសហរដ្ឋអាម៉េរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី ឆេក អ៊ីតាលី កូឡុំប៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស្លូវ៉ានី និង ប្រទេសកាណាដា ព្រមទាំងបណ្តាប្រទេសអាស៊ាន។
បច្ចុប្បន្ននេះ នៅកម្ពុជាមានក្រុមហ៊ុនចំនួន ៥ បានដំឡើងកង់សម្រាប់ការនាំចេញ រួមមានក្រុមហ៊ុនEvergrand Bicycle (Cambodia) ក្រុមហ៊ុន Speedtech Industrial Co Ltd ក្រុមហ៊ុន Smart Tech (Cambodia) Co Ltd ក្រុមហ៊ុន A and J (Cambodia) Co Ltd និង ក្រុមហ៊ុន XDS Bicycle (Cambodia) Co Ltd។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Lingrich Bicycle (Cambodia) Co., Ltd ជាក្រុមហ៊ុនទី ៦ ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តលើគម្រោងបង្កើតរោងចក្រផលិតកង់ កង់អគ្គិសនី និង គ្រឿងបន្លាស់កង់ ជាមួយទុនវិនិយោគ ៧,២ លានដុល្លារ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង៕
评论被关闭。