ធនាគារជាតិកម្ពុជាហាមស្ថាប័នផ្ដល់កម្ចី យកប្លង់ដីសហគមន៍ជនជាតិដើមភាគតិចធ្វើជាទ្រព្យធានា

ធនាគារជាតិ​នៃកម្ពុជា​បានហាមឃាត់​ស្ថាប័ន​ផ្តល់ប្រាក់កម្ចី ទទួលយក​បណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ជាទ្រព្យធានា និងទប់ស្កាត់​ការលក់​ដោយបង្ខំ​នូវបណ្ណកម្មសិទ្ធិ​ទាំងនោះ។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍រួម​រវាង​ធនាគារជាតិ​នៃកម្ពុជា និងអង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ស្ដីពី​បច្ចុប្បន្នភាព​នៃដំណើរការ​ពិគ្រោះ​យោបល់​ជាមួយ​ពហុភាគី​ពាក់ព័ន្ធ មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ដើម្បី​តាមដាន​វឌ្ឍនភាព​សកម្មភាព​អាទិភាព​ចំនួន ២២ ដែលត្រូវបាន​អនុម័ត​ក្នុងកិច្ចសន្ទនា​កម្រិតខ្ពស់ រវាង​ពហុភាគី​ពាក់ព័ន្ធ​លើកទី១ កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

សេចក្តី​ថ្លែងការណ៍រួមបាន​លើកឡើងថា ដើម្បី​ឆ្លើយតប​នឹងការ​ព្រួយបារម្ភ​ចំពោះ​កំណើន​យ៉ាងឆាប់រហ័ស​នៃវិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជា និងភាព​ប្រទាក់​ក្រឡាគ្នា​ជាមួយ​បញ្ហា​ប្រឈម​ផ្សេងទៀត ដូចជា​ការជំពាក់​បំណុល​លើសលប់​ជាដើម ការផ្តួចផ្តើម​ឱ្យមាន​ដំណើរការ​ពិគ្រោះ​យោបល់ បានចាប់ផ្តើម​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណង​សម្រប​សម្រួល​ឱ្យមាន​ការចូលរួម​ពិភាក្សា​ពីភាគី​ពាក់ព័ន្ធ​ក្នុងន័យ​ស្ថាបនា បង្កើត​ឱ្យមាន​ការយល់ដឹង​រួមគ្នា​អំពី​បញ្ហា​ប្រឈម​នានា និងកំណត់​សកម្មភាព​អាទិភាព និងការប្តេជ្ញាចិត្ត​ជាក់លាក់ ដែលអាច​ជួយគាំទ្រ​ដល់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការដោះស្រាយ​បញ្ហា​ប្រឈម និងចាប់យក​កាលានុវត្តភាព ក្នុងការ​ពង្រឹង​វិស័យ​ធនាគារ​និងហិរញ្ញវត្ថុ។

ក្នុងចំណោម​សកម្មភាព​អាទិភាព​ចំនួន២២ សកម្មភាព​អាទិភាព​ចំនួន ៤ ត្រូវបាន​អនុវត្ត​បាន ទាំងស្រុង សកម្មភាព​អាទិ​ភាព​ចំនួន ១៥ កំពុងត្រូវបានអនុវត្ត និងសកម្មភាព​អាទិភាព​ចំនួន ៣ កំពុង​ត្រូវបាន​ចាប់ផ្តើម​អនុវត្ត។ ចំណុច​សំខាន់ៗ​ពាក់ព័ន្ធ​នឹងការ​អនុវត្ត​សកម្មភាព​អាទិភាព​រួមមាន៖ (១) ការពង្រឹង​ការផ្តល់​ឥណទាន​ប្រកបដោយ​ទំនួលខុសត្រូវ។ (២) ការធ្វើឱ្យ​ប្រសើរឡើង​នូវគោលការណ៍​លើកទឹកចិត្ត​របស់​គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ។ (៣) ការការពារផ្លូវច្បាប់។ (៤) យន្តការ​ការពារ​អ្នកប្រើប្រាស់ និងដោះស្រាយ​បណ្ដឹង។ (៥) ប្រព័ន្ធ​អេកូឡូស៊ី​ទិន្នន័យ និងការ​រៀបចំ​ឥណទាន​ឡើងវិញ។

ធនាគារជាតិ​នៃកម្ពុជា បានរម្លឹក​ដល់ធនាគារ​និងគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ មិនត្រូវ​ទទួលយក​បណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច ធ្វើជា​ទ្រព្យធានា​សម្រាប់​កម្ចីឡើយ។

វិធានការ​ពាក់ព័ន្ធ​នឹងការ​រៀបចំ​ឥណទាន​ឡើងវិញ ត្រូវបាន​ដាក់ឱ្យ​អនុវត្ត​ជាបន្តបន្ទាប់ ដោយផ្តល់​អាទិភាព​ដល់អតិថិជន​ដែល​​ជួប​ប្រទះ​ការលំបាក​ផ្នែកហិរញ្ញវត្ថុ រួមទាំង​ក្រុមងាយ​រងគ្រោះ និងក្រុម​ជនជាតិ​ដើមភាគតិច។ សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​និងសមាគម​ធនាគារ​នៅកម្ពុជា បានរៀប​ចំសេចក្តីព្រាង​និយមន័យ​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ សម្រាប់​វិស័យ​ធនាគារ​និងហិរញ្ញវត្ថុ នឹងត្រូវ​ដាក់ជូន​ធនាគារជាតិ​នៃកម្ពុជា ដើម្បី​ពិនិត្យ​និងប្រមូល​ធាតុចូល​ពីភាគី​ពាក់ព័ន្ធ៕

你可能还喜欢

评论被关闭。