សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតសម្រេចបានលទ្ធផលប្រមាណ៤៨%
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ដែលស្ថិតនៅលើស្ទឹងសែន ខេត្តព្រះវិហារនិងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ ៤៨% ហើយ។
គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត នឹងផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាកសិករជាច្រើន រួមមាន៖
– ប្រជាកសិករចំនួន ២៥ ០០០ គ្រួសារ ស្មើនឹង ៨៥ ៣០០ នាក់ ស្ថិតក្នុងស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និង ស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។
– ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១ ៣២៣ ហិកតា។
– បង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥% និងអាចបង្កើនទិន្នផល ១៨៣ ៨០០ តោន/ប្រចាំឆ្នាំ។
សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ការងារសំណង់សំខាន់នៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០ ម៉ែត្រ ខ្នងទំនប់ទំហំ ៤០ ម៉ែត្រ ទំនប់មានប្រវែង ២ ៦៨០ ម៉ែត្រ និង ទំនប់បង្ហៀរទឹកប្រវែង ៣០៦ ម៉ែត្រ៕
评论被关闭。