រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ប្រព័ន្ធ CamDx ផ្ដល់ភាពងាយស្រួលនិងកាត់បន្ថយការចំណាយ
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ថា ប្រព័ន្ធ CamDx បានធ្វើឱ្យមានភាពងាយស្រួល ការធ្វើសាមញ្ញកម្ម និង កាត់បន្ថយទាំងពេលវេលានិងការចំណាយ។
លោកស្រីមានប្រសាសន៍ថា នៅពេលដែលយើងចុះបញ្ជីពាណិជ្ជកម្ម ប្រៀបដូចជាទទួលបានសំបុត្រកំណើតអាជីវកម្មរបស់ខ្លួន ចាប់តាំងពីការបង្កើត រហូតដល់មាននីតិសម្បទាគ្រប់គ្រាន់ក្នុងការប្រតិបត្តិការអាជីវកម្មរបស់ខ្លួន វាមានការផ្សារភ្ជាប់ទៅនឹងពន្ធដារ ប៉ាតង់ មានទាំងការបង់ពន្ធអាករបន្ថែម (VAT)។ រហូតដល់មានការចេញជាសេចក្ដីជូនដំណឹង បញ្ជិការជូនទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យបានដឹង ទើបមានដំណើរការសហគ្រាស និងមានបុគ្គលិក និង និយោជិក និយោជកប៉ុន្មាននាក់។
លោកស្រី ចម និម្មល បញ្ជាក់ថា ការងារទាំងអស់ខាងលើ មានភាពងាយស្រួលនៅត្រង់ថា នៅពេលដែលយើងមកចុះបញ្ជី យើងមានលេខសម្គាល់ (ID) តែមួយ ហើយឯកសារដែលបានលើកដាក់ចូលទៅក្នុងនោះ រួមមានអត្តសញ្ញាណបណ្ណ ទីតាំងអាជីវកម្ម ឈ្មោះក្រុមហ៊ុន និង អាសយដ្ឋានជាដើម។ នៅពេលអនាគត ក្រោយការចុះបញ្ជីវគ្គទីមួយរួចហើយ ក្នុងករណីក្រុមហ៊ុនមានតម្រូវការទទួលបានអាជ្ញាបណ្ណឬលិខិតអនុញ្ញាតផ្សេងៗទៀតពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឬ អង្គភាពពាក់ព័ន្ធផ្សេងទៀត គឺអាចចូលទៅទទួលសេវាកម្មនៅក្នុង CamDx នេះតែម្ដង។
ក្រសួងពាណិជ្ជកម្មទើបបញ្ចូលសេវាកម្ម ៥ បន្ថែមទៀតទៅក្នុងប្រព័ន្ធ CamDx ដូច្នេះមិនត្រឹមតែការចុះបញ្ជីរបស់ក្រុមហ៊ុននៃដំណើរការពីដើមទេ បច្ចុប្បន្ននៅក្នុងការចូលរួមកែប្រែលក្ខន្តិកៈរបស់ខ្លួន បូករួមនឹងការកែអាសយដ្ឋាន កែប្រែព័ត៌មានផ្សេងទៀត រួមបន្ថែមដូចជាការបន្ថែមឬបន្ថយដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុនជាដើម។
បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបានអនុវត្តស្ទើរតែទាំងស្រុង ក្នុងការចុះបញ្ជីតាមប្រព័ន្ធអេឡិកត្រូនិក រួមានការចុះបញ្ជីក្រុមហ៊ុន ការចុះបញ្ជីកម្មសិទ្ធិបញ្ញានិងវិញ្ញាបនបត្រនាំចេញ-នាំចូល៕
评论被关闭。