ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនពី ៧ ប៊ីលានដល់ ១៥ ប៊ីលានដុល្លារនា ៥ ឆ្នាំចុងក្រោយនេះ

ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​អគ្គនាយកដ្ឋានគយ​និងរដ្ឋាករ​កម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៥ ឆ្នាំ​ចុងក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន​មានកំណើន​កាន់តែ​ល្អប្រសើរ ដោយកើនជាង ៧ ប៊ីលាន​ដុល្លារអាម៉េរិក​ក្នុងឆ្នាំ២០២០ ឡើងដល់​ជាង ១៥ ប៊ីលាន​ដុល្លារក្នុងឆ្នាំ២០២៤។

ក្នុងឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន​សម្រេចបាន ៧,៣២៩ ប៊ីលានដុល្លារ ថយចុះ ៦% បើធៀប​នឹងឆ្នាំ២០១៩។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​​នាឆ្នាំនោះ​មាន ៩៥០ លានដុល្លារ  កើនឡើង ២% ខណៈ​នាំចូល​ពីចិន​វិញមាន ៦,៣៧៨ ប៊ីលានដុល្លារ​ ថយចុះ ៧%។ ប៉ុន្តែ​ក្នុងឆ្នាំ២០២១ ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ បានហក់ដល់ ១១,១៩៥ ប៊ីលាន​ដុល្លារ កើនឡើង ៣៦% បើធៀបនឹង​ឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេសចិន​សម្រេចបាន​ ១,៥១០ ប៊ីលានដុល្លារ កើនឡើង ៣៨%។ រីឯ​ការនាំចូល​សម្រេច​បាន ៩,៦៨៤ ប៊ីលាន​ដុល្លារ កើនឡើង ៣៦%។

ក្នុងឆ្នាំ២០២២ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន​សម្រេចបាន ១០,៥៧៩ ប៊ីលានដុល្លារ ធ្លាក់ចុះ ៦,៣%  បើធៀបនឹង​ឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុជា​ទៅប្រទេស​ចិន មានតែ ១,១០៩ ប៊ីលានដុល្លារ ធ្លាក់ចុះ ១៩% ខណៈ​ការនាំចូល​មកវិញ​ក្នុងតម្លៃ ៩,៤៦៩ ប៊ីលាន​ដុល្លារ កើនឡើង ១០%។

ឈានដល់​ឆ្នាំ២០២៣​ ទំហំ​ពាណិជ្ជកម្ម​​ប្រទេស​ទាំង២ សម្រេចបាន​ ១២,២៦៤ ប៊ីលានដុល្លារ កើនឡើង ៥% បើធៀបនឹងឆ្នាំ២០២២។ ចំពោះ​ការនាំចេញ​របស់​កម្ពុជា​មាន ១,៤៧៨ ប៊ីលាន​ដុល្លារ កើនឡើង ១៩,២%។ ដោយឡែក ការនាំចូលមានទំហំ​ទឹកប្រាក់ ១០,៧៨៦ ប៊ីលានដុល្លារ កើនឡើង ៣,៣%។​

ឆ្នាំ២០២៤ ទំនាក់​ទំនង​ពាណិជ្ជកម្ម​​កម្ពុជា-ចិន បានឡើងខ្លាំង​រហូត​ដល់ ១៥,១៨៩ ប៊ីលាន​ដុល្លារ កើនឡើង ២៣% បើធៀបនឹង​ឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញ​មាន ១,៧៥០ ប៊ីលានដុល្លារ កើនឡើង ១៨% ខណៈ​នាំចូល​មកវិញចំនួន ១៣,៤៣៩ ប៊ីលានដុល្លារ​ កើនឡើង ២៤,៦%។

កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និងចិន មួយចំណែកធំ​បានពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ ដែលបាន​អនុវត្ត​រួមគ្នា​ជាផ្លូវការ​​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ក្រសួង​ពាណិជ្ជកម្ម​បានឱ្យដឹងថា ទំនិញ​កម្ពុជា​ជាង ៣០០ មុខ​អាចនាំទៅ​ចិនបាន ដោយមិនគិត​ពន្ធ នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ចូលជា​ធរមាន។ ក្នុងចំណោម​មុខទំនិញ​ជាង ៣០០ មុខនេះ គឺមាន​ផលិតផល​កសិកម្ម ៩៥% ត្រូវ​រួចពន្ធ​សម្រាប់​ការនាំចេញ​ទៅចិន។ ប៉ុន្តែ ផលិតផល​គ្រឿងចក្រ​និងយានយន្ត​ផ្សេងៗ​វិញ គឺកម្ពុជា​នាំចូលពីប្រទេសចិន។

គួររម្លឹកថា ក្រៅពីចិន ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​របស់​កម្ពុជា រួមមាន​សហរដ្ឋ​អាម៉េរិក វៀតណាម ថៃ​ ជប៉ុន ​និង ប្រទេស​កាណាដា​ជាដើម៕

你可能还喜欢

评论被关闭。