ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគកែច្នៃសម្បកគ្រាប់ស្វាយចន្ទី ទៅជាទឹកខ្មេះ ប្រេង និង កាកសំណល់ចំណីសត្វ

ក្រុមហ៊ុន Nippon Koei Business Partners របស់​ជប៉ុន គ្រោងវិនិយោគ​លើវិស័យ​កែច្នៃ​គ្រាប់ស្វាយចន្ទី ឱ្យទៅជា​ទឹកខ្មេះ​ ប្រេង និង កាកសំណល់​ចំណីសត្វ។

លោក Tsutomu TAMURA អគ្គនាយករង​ក្រុមហ៊ុន Nippon Koei Business Partners បានដឹកនាំ​គណៈប្រិតភូ​ក្រុមហ៊ុន និងបានចូលជួប​សម្តែង​ការគួរសម​ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា ​ដើម្បី​ពិភាក្សា​ពី​គម្រោង​​វិនិយោគ​​វិស័យ​ស្វាយចន្ទី​នៅកម្ពុជា។

ក្នុងឱកាសនៃជំនួប លោក Tsutomu TAMURA បានបង្ហាញ​ពីចំណាប់​អារម្មណ៍​ក្នុងការ​វិនិយោគ​លើវិស័យ​ស្វាយចន្ទី​ដើម្បី​​នាំចេញ ជាពិសេស​ផ្តោតលើ​ការកែច្នៃ​ផ្លែនិងសម្បក​គ្រាប់ស្វាយចន្ទី​ទៅជា​ទឹកខ្មេះ ប្រេង និង កាកសំណល់​ដែល​សេស​សល់​​នឹងយកទៅ​ធ្វើជា​ចំណីសត្វ (គោ)។

ជាការ​ឆ្លើយតប ​លោក ជា វុទ្ធី បានលើកឡើង​ពីសក្តានុពល​របស់​វិស័យ​ស្វាយចន្ទី​នៅកម្ពុជា តំបន់​សក្តានុពល​សម្រាប់​ដាំដុះ​ស្វាយចន្ទី និងការ​ទាញយក​ផលប្រយោជន៍​ជាអតិបរិមា​ពីស្វាយចន្ទី។ លោកបាន​លើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​ឆាប់ធ្វើ​ការ​សម្រេចចិត្ត​មកបណ្តាក់​ទុន​នៅកម្ពុជា​ក្នុងវិស័យ​ស្វាយចន្ទី ពីព្រោះ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើវិស័យនេះ ជាពិសេស​ការកែច្នៃ​គ្រាប់ស្វាយចន្ទី៕

你可能还喜欢

评论被关闭。