កម្ពុជារកចំណូលបានជិត ១៤ ប៊ីលានដុល្លារ ពីការនាំចេញផលិតផល សម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ១២ ខែនៃឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង សម្ភារៈធ្វើដំណើរ (GFT) ប្រមាណ ១៣,៩២ ប៊ីលានដុល្លារអាម៉េរិក ធៀបនឹងឆ្នាំ២០២៣ ដែលមានទឹកប្រាក់ជាង ១១,២៩ ប៊ីលានដុល្លារ កើនឡើងជាង ២៣%។
ក្នុងនោះ ការនាំចេញវាយនភណ្ឌមានតម្លៃប្រមាណ ៤២៦,៥៤ លានដុល្លារ (កើនឡើង ១៧%) សម្លៀកបំពាក់ប្រមាណ ៧,៨៦៨ ប៊ីលានដុល្លារ (កើនឡើង ២៤,៤៤%) ស្បែកជើង ១,៣៦៥ ប៊ីលានដុល្លារ (កើនឡើង ២៣%) និងសម្ភារៈធ្វើដំណើរមានតម្លៃ ១,៦៣៣ ប៊ីលានដុល្លារ (កើនឡើង ១៩,៦%)។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានថ្លែងថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និង ស្បែកជើង គឺជាវិស័យអាទិភាពរបស់កម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលកម្ពុជាយល់យ៉ាងច្បាស់ នូវភាពប្រកួតប្រជែងខ្ពស់នៃឧស្សាហកម្មនេះ និងបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះ ទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ តម្រូវការបញ្ជាទិញក្នុងវិស័យវាយនភណ្ឌកើនឡើងនៅទីផ្សារអន្តរជាតិ រួមមានសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ធ្វើឱ្យការនាំចេញរបស់កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ កម្ពុជាក៏កំពុងមានផែនការជំរុញការនាំចេញផលិតផល GFT ទៅកាន់ចក្រភពអង់គ្លេសផងដែរ។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមចុងខែតុលា ឆ្នាំ២០២៤ វិស័យ GFT មានរោងចក្រនិងសាខាចំនួន ១ ៥៣៨ ដែលមានកម្មករ និយោជិតប្រមាណ ៩១៣ ០០០ នាក់ ដែលភាគច្រើនជាស្ត្រី៕
评论被关闭。