កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធលក់ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

កម្ពុជា​បានប្រារព្ធ​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវប្រព័ន្ធ​លក់សំបុត្រ ​និងត្រួតពិនិត្យ​សំបុត្រ​ចូលទស្សនា​រមណីយដ្ឋាន​អង្គរ នាព្រឹក​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅខេត្ត​សៀមរាប ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា។

លោក នេត សាវឿន បានថ្លែងថា នេះជា​ការដាក់ឱ្យ​អនុវត្ត​នូវថ្នាល​ឌីជីថល សម្រាប់​ការលក់​និងការគ្រប់គ្រង​ការលក់​សំបុត្រ​ចូលទស្សនា​រមណីយដ្ឋាន​អង្គរ និងរមណីយដ្ឋាន​ទេសចរណ៍​ពាក់ព័ន្ធ​ផ្សេងទៀត ក្រោមសមត្ថកិច្ច​របស់​គ្រឹះស្ថាន​អង្គរ ដែលនេះជា​សមិទ្ធផល​ថ្មីមួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងកិច្ច​ប្រឹងប្រែង​ធ្វើឱ្យ​ប្រសើរ​ឡើងនូវ​ការផ្តល់​សេវា​ជូន​អ្នកទេសចរ​អន្តរជាតិ ការជំរុញ​ការទាក់ទាញ​ទេសចរ​អន្តរជាតិ និង ការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ចជាតិ។

លោកបាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិស័យ​ទេសចរណ៍​ជាមាស​បៃតង និង ជា​សសរស្តម្ភ​មួយដ៏សំខាន់ ដែលជួយ​ដល់ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច បង្កើត​ឱកាស​ការងារ​និងលើកស្ទួយ​វប្បធម៌​ជាតិ ។ ទេសចរណ៍​ជាវិស័យ​មួយដែល​មានការ​រីកចម្រើន​យ៉ាងរហ័ស តាមរយៈ​ការចាប់យក​នូវបច្ចេកវិទ្យា​ថ្មី ជាពិសេស​បច្ចេកវិទ្យា​ឌីជីថល ដែលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង និងការស្តារ​ឡើងវិញ​នៃឧស្សាហកម្ម​ទេសចរណ៍។

រាជរដ្ឋាភិបាល​កម្ពុជា​បានបង្កើត​គ្រឹះស្ថាន​អង្គរ ដែលជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាលកាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ គ្រឹះស្ថាន​អង្គរ​ជាអង្គភាព​ថ្មីមួយសម្រាប់​ធ្វើការ​គ្រប់គ្រង​ការប្រមូល និងការបង់​ចំណូល​ពីការលក់​សំបុត្រ​ចូលទស្សនា​រមណីយដ្ឋាន​អង្គរ ដោយមាន​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុជាអាណាព្យាបាល​ផ្នែកហិរញ្ញវត្ថុ ហើយក្រសួង​ទេសចរណ៍​ជាអាណាព្យាបាល​ផ្នែកបច្ចេកទេស។

យោងតាម​ក្រសួង​ទេសចរណ៍ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ក្នុងឆ្នាំ២០២៤ កើនឡើងជិត ២៣% បើធៀបនឹង​ឆ្នាំ២០២៣ ដែលមាន​ចំនួន ៥,៤៥ លាននាក់។ កម្ពុជា​ទទួលបាន​ចំណូល​ពីទេសចរណ៍​អន្តរ​ជាតិ​​សរុបជាង ៣,៦៣ ប៊ីលាន​ដុល្លារអាម៉េរិក កើនឡើង​ប្រមាណ​ជាង ១៧% បើធៀបនឹង​ឆ្នាំ២០២៣៕

你可能还喜欢

评论被关闭。