កម្ពុជាបានចំណាយជាង ១ ប៊ីលានដុល្លារលើការនាំចូលយានយន្តក្នុងឆ្នាំ២០២៤
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានបង្ហាញថា កម្ពុជាបានចំណាយទឹកប្រាក់ជាង ១ ប៊ីលានដុល្លារអាម៉េរិកលើការនាំចូលយានយន្តគ្រប់ប្រភេទក្នុងឆ្នាំ២០២៤ កើនឡើងជិត ១២% បើធៀបនឹងឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបជិត ៩០៣ លានដុល្លារ។
អគ្គនាយកដ្ឋានគយនិងរដ្ឋករបានឱ្យដឹងថា ការកើនឡើងនៃការនាំចូលក្នុងឆ្នាំ២០២៤ គឺដើម្បីបំពេញតម្រូវការក្នុងស្រុក ស្របពេលដែលវត្តមានរថយន្តថ្មីៗ ជាពិសេសរថយន្តអគ្គិសនី (EV) កំពុងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។
បើតាមរបាយការណ៍ហិរញ្ញវត្ថុរបស់លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RMA ដែលបានផ្ញើជូនផ្សារមូលបត្រកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៤ ទីផ្សាររួមនៃរថយន្តក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៤ នៅតែមានការធ្លាក់ចុះ ៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ខណៈដែលទីផ្សាររថយន្តថ្មីមានការកើនឡើងចំនួន ៥%។ មានតែរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំ២០២៤ ដែលការលក់រថយន្តថ្មីមានការកើនឡើងកាន់តែខ្លាំង ពោលគឺកើនឡើង ៤២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
បើតាមរបាយការណ៍ក្រសួងសារធារណការនិងដឹកជញ្ជូន ក្រសួងបានចុះបញ្ជីយានយន្តជាង ៣៧ ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៤ (ទោចក្រយានយន្តប្រមាណ ៣១ ម៉ឺនគ្រឿងនិងរថយន្តគ្រប់ប្រភេទប្រមាណ ៥,៥ ម៉ឺនគ្រឿង) ក្នុងនោះ រថយន្តបំពាក់ផ្លាកលេខពិសេសនិងផ្លាកលេខពិសេសផ្ទាល់ខ្លួន ប្រមាណ ៣ ម៉ឺនគ្រឿង និងទទួលបានចំណូលសរុបជាង ១៨ លានដុល្លារ និងយានយន្តដើរដោយថាមពលអគ្គិសនីប្រមាណ ៣ ០០០ គ្រឿង។ ក្នុងឆ្នាំ២០២៤ នេះផងដែរ មានរថយន្តអគ្គិសនីចុះបញ្ជីសរុប ២ ២៥៣ គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន ៦២០% ដែលមានចំនួនត្រឹមតែ ៣១៣ គ្រឿង។ ដោយឡែក ក្រសួងបានចេញបណ្ណបើកបរប្រមាណ ១១ ម៉ឺនបណ្ណ ក្នុងនោះទោចក្រយានយន្តប្រមាណ ៩ ម៉ឺនបណ្ណ និងរថយន្តប្រមាណជិត ១,៤ ម៉ឺនបណ្ណ និងបណ្ណអាជីវកម្មគ្រប់ប្រភេទចំនួន ៧ ម៉ឺនបណ្ណ៕
评论被关闭。