រោងចក្រផលិតរបងពីអាលុយមីញ៉ូមសហរដ្ឋអាម៉េរិកបើកដំណើការនៅកម្ពុជា

រោងចក្រ​ផលិត​របង​អាលុយមីញ៉ូម​របស់​ក្រុមហ៊ុន Fence Empire LLC  សហរដ្ឋអាម៉េរិក បាន​បើក​ដំណើការ​ជាផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា ដែលជា​យុទ្ធសាស្រ្ត​ពង្រីក​វត្តមាន​មកកាន់​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុ​មហ៊ុន Fence Empire LLC កាលពី​ពេលថ្មីៗនេះ បានឱ្យដឹងថា រោងចក្រ​ផលិត​របង​អាលុយមីញ៉ូមនេះ ត្រូវបាន​បើកការ​សាងសង់​តាំងពី​ឆ្នាំ២០២៤ ដែលជា​រោងចក្រ​ទំនើប​​មួយ និងជា​ការបោះ​ជំហាន​យុទ្ធសាស្ត្រ​ថ្មីមួយទៀត​របស់​ខ្លួន ក្នុងការ​ពង្រីក​វត្តមាន​​ទៅក្រៅ​ប្រទេស និងបំពេញ​តម្រូវការ​ទីផ្សារ​ដែលកើនឡើង សម្រាប់​ផលិតផល​របង​អាលុយមីញ៉ូម​ដែលមាន​គុណភាព​ខ្ពស់។

​រោងចក្រ​នេះមាន​សមត្ថភាព​​ផលិត​កម្រិតខ្ពស់ ដោយមានសមត្ថភាព​​ផលិត​ប្រចាំ​ឆ្នាំចំនួន ២០ ម៉ឺនតោន​ ដោយត្រូវបាន​​រចនា​ឡើងដើម្បី​បង្កើន​ប្រសិទ្ធភាព កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម និងធានា​បាននូវ​ប្រតិបត្តិការ​ប្រកបដោយ​និរន្តរភាព។

ក្រុមហ៊ុន​នេះបានលើកឡើងថា សម្រាប់​វត្តមាន​នៃរោងចក្រ​របស់ខ្លួន​នៅកម្ពុជា មិនត្រឹមតែ​ជាការ​ធ្វើពិពិធកម្ម​ដំណើរការ​ផលិត​របស់ខ្លួន​ប៉ុណ្ណោះទេ ប៉ុន្តែ​វាជា​យុទ្ធសាស្រ្ត​កាត់បន្ថយ​ហានិភ័យ​ពាណិជ្ជកម្ម​ដែលអាច​កើតមាន ដូចជា​ពន្ធគយ ខណៈ​ដែលវា​ក៏បាន​ចូលរួម​ចំណែក​ក្នុងការ​ធានា​បាននូវ​ការផលិត​ប្រកបដោយ​និរន្តរភាព។ សម្រាប់​ការវិនិយោគ​ជាយុទ្ធសាស្ត្រនេះ នឹងជួយ​ពង្រឹង​សមត្ថភាព​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់នូវ​ផលិតផល ដែលមាន​គុណភាព​ខ្ពស់ដល់​​អតិថិជន​​របស់​ខ្លួនផងដែរ។

Fence Empire LLC ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បម្រើ​ទីផ្សារ​របង​អាម៉េរិក​ខាង​ជើង ជាពិសេស​របង​ឈើបែប​ជប៉ុន​​៕

你可能还喜欢

评论被关闭。