ខេត្តកែបមានឆ្នេរកម្សាន្តគួរឱ្យទាក់ទាញ ៣ កន្លែង សម្រាប់ភ្ញៀវទេសចរសម្រាកលម្ហែ

រដ្ឋបាល​ខេត្តកែប​បានឱ្យដឹង​ថា កែបដែលជា​​ខេត្តស្ថិត​នៅ​​តំបន់​ឆ្នេរ ​មាន​ឆ្នេរ​កម្សាន្តយ៉ាងហោចណាស់​ចំនួន ៣ កន្លែងដែល​ភ្ញៀវ​ទេសចរ​អាច​មក​សម្រាក​កម្សាន្ត​សប្បាយ។

​កែប​ជា​ខេត្ត​គោលដៅ​ជាប់​សមុទ្រ​​ដ៏​ទាក់ទាញ​មួយ ខណៈ​ដែល​ខេត្ត​ដ៏​តូច​ច្រឡឹង​នេះ​​មាន​ឆ្នេរ​សមុទ្រ​ជាប់​ដីគោក​ប្រវែង ២៧ គីឡូម៉ែត្រ លាត​សន្ធឹង​ទៅដល់ព្រំប្រទល់​ព្រែកចាក​ខេត្តកំពត។ បច្ចុប្បន្ននេះ​ ខេត្ត​កែប​មានឆ្នេរ​កម្សាន្ត​ចំនួន​ ៣ កន្លែង​ មាន​​ប្រវែង​យ៉ាង​តិច ៦ ០០០ ម៉ែត្រ ខណៈ​​កន្លងទៅមានឆ្នេរកម្សាន្ត​តែមួយ​កន្លែង​ដែលមានប្រវែង​ត្រឹមតែ ៥០០ ម៉ែត្រសម្រាប់​ទេសចរ​មក​កម្សាន្ត​​ប៉ុណ្ណោះ។

ឆ្នេរ​កម្សាន្ត​ទាំង ៣ កន្លែង​នៅក្នុង​ខេត្ត​កែប ​ដែលភ្ញៀវ​ទេសចរ​អាចមកអង្គុយ​សម្រាក​លម្ហែ ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ ទទួលទានអាហារ និង លេង​ទឹក​ជាដើមនោះ រួមមាន៖ (១) ឆ្នេរ​ស្រី​ស ​មាន​ប្រវែង​ជាង ៥០០ ម៉ែត្រ (២) ឆ្នេរ​អង្កោល ​មាន​ប្រវែង​​ជាង ៣ ០០០ ម៉ែត្រ និង (៣) ​ឆ្នេរ​តេជោ​សន្តិភាព​កែប ដែល​កំពុង​អភិវឌ្ឍ​ជា​ឆ្នេរ​ប្រណីត​កម្រិត​ខ្ពស់​មាន​ប្រវែង ២ ៧០០ ម៉ែត្រ។

ខេត្តកែប​មានលក្ខខណ្ឌ​​អំណោយផល​និងសក្តានុពល​​ពីធម្មជាតិ សម្រាប់​​ការអភិវឌ្ឍ​វិស័យ​​ទេសចរណ៍ ជាពិសេស​ទេសចរណ៍​​ធម្មជាតិ​និង​ទេសចរណ៍​​វប្បធម៌​ជាដើម។ បើ​តាម​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​និង​អភិវឌ្ឍ​​តំបន់​​ឆ្នេរ​សមុទ្រ​​កម្ពុជា ឆ្នេរ​សមុទ្រ​ខេត្ត​កែប​ចែក​ចេញ​ជា ៥ ប្រភេទ រួមមាន៖

-ឆ្នេរខ្សាច់ ប្រវែង​ប្រមាណ ២,២២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង

-ឆ្នេរ​ថ្ម ប្រវែង​ប្រមាណ ១១,៤២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង

-ឆ្នេរ​ភក់ ប្រវែង​ប្រមាណ ៦,៧៦ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង

-ឆ្នេរ​ព្រៃ​កោងកាង ប្រវែង​ប្រមាណ ៦,៣៣ គីឡូម៉ែត្រ មានចំនួន ១០ ទីតាំង

-ឆ្នេរ​ផ្សេងៗ ប្រវែង​ប្រមាណ ០,៤ គីឡូម៉ែត្រ មានចំនួន ១១ ទីតាំង។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ប្លង់​គោល​ចក្ខុវិស័យ​ឆ្នាំ២០៣០ រៀបចំ​និងអភិវឌ្ឍ “ក្រុងកែប​ជា​ទីក្រុង​ទំនើប​ មាន​ខ្យល់​អាកាស​ធម្មជាតិ​បរិសុទ្ធ សម្រាប់​ការ​ស្នាក់​នៅ ប្រកប​ការងារ និង ទេសចរណ៍ ​ជា​បុរី​លំនៅដ្ឋាន​ស្ងប់ស្ងាត់ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ សេវាកម្ម និង​ គុណភាព​បរិស្ថាន​រស់នៅ​បៃតង​ធម្មជាតិ​ល្អ​ប្រណីត ប្រកប​ដោយ​សុភមង្គល​ និងជាតំបន់​​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ​ដែល​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិ អាច​មក​សម្រាក​លម្ហែ​កម្សាន្ត​គ្រប់​រដូវកាល៕

你可能还喜欢

评论被关闭。