ក្រសួងការបរទេស៖ កម្ពុជាមិនទាន់ទទួលបានព័ត៌មានពីអាម៉េរិក ទាក់ទងនឹងការបញ្ជូនពលរដ្ឋខ្មែររស់នៅខុសច្បាប់មកកម្ពុជាវិញនៅឡើយ

ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជាបានឱ្យដឹងថា កម្ពុជា​នៅមិនទាន់​ទទួលបាន​ការជូនព័ត៌មាន​របស់​សហរដ្ឋអាម៉េរិក​ ទាក់ទង​នឹងការបញ្ជូន​ពលរដ្ឋខ្មែរ​រស់នៅ​អាម៉េរិក​ខុសច្បាប់ ត្រឡប់មកប្រទេស​កម្ពុជា​នៅឡើយទេ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សន្ទរី បានថ្លែងប្រាប់​បណ្តាញ​សារព័ត៌មានថា រហូតមកដល់ពេលនេះ ក្រសួង​ការបរទេស​កម្ពុជា​នៅមិនទាន់​ទទួលបាន​ការជូនព័ត៌មាន​ផ្លូវការ​ណាមួយ ពាក់ព័ន្ធ​នឹងការ​បញ្ជូន​ពលរដ្ឋខ្មែរ​ដែលរស់នៅ​អាម៉េរិក​ខុសច្បាប់ ឱ្យត្រឡប់មក​កម្ពុជា​នៅឡើយទេ។ ទោះជាយ៉ាងណា កម្ពុជា​នឹងសហការ​ពេញលេញ​លើការបញ្ជូន​ និងទទួល​ពលរដ្ឋខ្មែរ​ត្រឡប់​មកវិញ ស្របតាម​ស្មារតី​អនុស្សរណៈ​នៃការយោគយល់គ្នា (MOU) ដែលបាន​ចុះហត្ថលេខា​រវាង​កម្ពុជា​ និងសហរដ្ឋអាម៉េរិក។

យោងតាម​ឯកសារ​ពីភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ និងគយ​ (ICE) របស់​សហរដ្ឋអាម៉េរិក បានបង្ហាញថា មានជនអន្តោប្រវេសន៍​កម្ពុជា​ចំនួន ១ ៧៤៧ នាក់​ស្ថិតក្នុង​បញ្ជី​បញ្ជូន​ត្រឡប់​មកប្រទេស​កំណើតវិញ។ ភាគី​សហរដ្ឋអាម៉េរិក​ស្នើឱ្យ​រដ្ឋាភិបាល​បរទេស ចាត់វិធានការ​សមស្រប​ដើម្បី​បញ្ជាក់​សញ្ជាតិ​របស់​ជនដែលសង្ស័យ រួមមាន​ការសម្ភាសន៍ ការចេញ​ឯកសារ​ធ្វើដំណើរ​ទាន់ពេល និង ទទួលយក​ការវិលត្រឡប់​របស់​ជនជាតិ​របស់​ពួកគេវិញ។

ការចាត់​វិធានការ​រឹងរ៉ឹង​លើជនអន្តោប្រវេសន៍​ខុសច្បាប់​របស់​សហរដ្ឋអាម៉េរិក ធ្វើឡើង​បន្ទាប់ពីលោក ដូណាល់ ត្រាំ ចូលកាន់​តំណែង​ប្រធានាធិបតី​អាម៉េរិក​ជាលើកទី២ ដោយលោក​បានប្ដេជ្ញា​នូវការ​សន្យា​របស់​ខ្លួនក្នុងការ​បណ្ដេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ពីសហរដ្ឋអាម៉េរិក​ឱ្យអស់ តាមរយៈ​ការបញ្ជូន​ចេញទ្រង់ទ្រាយ​ធំ។

យោងតាម​ការិយាល័យ​ស្ថិតិ​របស់​ក្រសួង​សន្ដិសុខ​មាតុភូមិ​អាម៉េរិក ជនអន្តោប្រវេសន៍​ដែលគ្មាន​ឯកសារ​ប្រមាណ ១១ លាននាក់​កំពុង​រស់នៅ​ក្នុងសហរដ្ឋអាមេរិក៕

你可能还喜欢

评论被关闭。