ផ្លូវថ្មើរជើងភ្នំពេញបើកដំណើរការសាកល្បង រដ្ឋបាលរាជធានីគ្រោងបង្កើតកម្មវិធីចម្រុះដើម្បីទាក់ទាញទេសចរ

ផ្លូវថ្មើរជើង (Walk Street) រាជធានី​ភ្នំពេញ​ត្រូវបានដាក់ឱ្យ​ដំណើរការ​សាកល្បង​ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​គ្រោងបង្កើត​កម្មវិធី​ចម្រុះ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និងអន្តរជាតិ​មកដើរ​កម្សាន្ត​ឱ្យបាន​កាន់តែច្រើន។

លោក ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ​បានឱ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀមរៀបចំ​ស្តង់លក់​ម្ហូបអាហារ ការប្រគំ​តន្ត្រីសម័យ​និងបុរាណ ការគូរគំនូរ និងការ​លេងសៀក​រហ័សកម្ម​ជាដើម ដើម្បី​បម្រើដល់​ភ្ញៀវទេសចរ​ជាតិនិង​អន្តរជាតិ ដែលបានមក​ដើរលេងកម្សាន្ត​នៅផ្លូវថ្មើរជើងនេះ។

លោកបាន​ឱ្យដឹង​ទៀតថា តាមពិត​រដ្ឋបាល​រាជធានីភ្នំពេញ​បានគិតគូរ​រួចហើយ​អំពី​គម្រោង​​ផ្លូវថ្មើរជើងនេះ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ-១៩ ទើប​គម្រោងនេះ​ត្រូវបានផ្អាក​ជាបណ្តោះអាសន្ន ទើបត្រូវ​បាន​បង្កើត​ឡើងវិញ​និងបានដាក់ឱ្យ​ដំណើរការ​សាកល្បង​ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ដោយឡែក លោក ឃួង ស្រេង បាន​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​កំពុង​ត្រៀម​លក្ខណៈ​ដាំ​ដើម​ឈើ​ចំនួន ៧៥ ហិកតា ដើម្បី​ជាជម្រើស​​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​អាច​ទៅ​ដើរលេងកម្សាន្ត​នៅក្នុងទីតាំងដែល​មាន​ដើម​ឈើ​នោះ។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ផ្លូវថ្មើរជើង​នេះធ្វើឡើង​នៅរៀងរាល់​ថ្ងៃសៅរ៍​និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨ និង ០០ នាទីល្ងាច រហូតដល់​ម៉ោង ២៣ និង ០០ នាទីយប់ ស្ថិតនៅ​តាម​បណ្តោយ​វិថី​ព្រះស៊ីសុវត្ថិ ដោយចាប់ពី​វិថី​បក្សី​ចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់​មុខព្រះបរមរាជវាំង ស្ថិតនៅ​ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បី​ឱ្យដំណើរការបើកសាកល្បង​ផ្លូវថ្មើរជើងនេះប្រកប​ដោយជោគជ័យ រក្សា​បាននូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​​បាន​នូវ​ការ​​កកស្ទះ​ចរាចរណ៍ រដ្ឋបាល​​រាជធានីភ្នំពេញ​ធ្វើការ​បិទផ្លូវ​និង​ពង្វាង​​ចរាចរណ៍​ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​តាម​ពេលវេលា​និងម៉ោង​ដែលបាន​កំណត់ ដើម្បី​ទុកឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ថ្មើរជើង​លើផ្លូវថ្មើរជើង​នេះដោយ​សុវត្ថិភាព​និងរីករាយ៕

你可能还喜欢

评论被关闭。