វិស័យធានារ៉ាប់រងនៅកម្ពុជាទទួលបានចំណូលជាង ៣៥៦ លានដុល្លារក្នុងឆ្នាំ២០២៤
ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាបានកត់ត្រាកំណើនបុព្វលាភរ៉ាប់រង (ប្រាក់ចំណូល) ជាមួយទំហំទឹកប្រាក់ ៣៥៦,៤៥ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ កើនឡើង ៣,៥% បើធៀបនឹងឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ បុព្វលាភឧស្សាហកម្មធានារ៉ាប់រងសរុប ៣៥៦,៤៥ លានដុល្លារ គឺបានពីក្រុមហ៊ុនធានារ៉ាប់រងទាំង ៤១ របស់កម្ពុជា ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និង ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១។ បច្ចុប្បន្ន ឧស្សាហកម្មធានារ៉ាប់រងមានទ្រព្យសកម្មសរុបចំនួន ១,១ ប៊ីលានដុល្លារ។
ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០២៤ វិស័យធានារ៉ាប់រងរបស់កម្ពុជាបានធ្វើការទូទាត់សំណងដែលមានទឹកប្រាក់រហូតដល់ ៧៩,៧ លានដុល្លារ កើនឡើងជិត ២០% បើធៀបនឹងឆ្នាំ២០២៣ ដែលមាន ៦៧ លានដុល្លារ។
អគ្គនាយក IRC លោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយនិងកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសន្តិសុខសង្គមនិងសេដ្ឋកិច្ចជាតិ។
លោកបានលើកឡើងថា បើក្រឡេកមើលសូចនាករសំខាន់ៗ ដូចជាអត្រាការរួមចំណែកធានារ៉ាប់រងផ្នែកសេដ្ឋកិច្ច និងដង់ស៊ីតេធានារ៉ាប់រងកម្ពុជា អត្រាវិភាគទានមានត្រឹមតែ ១,១៤% ប៉ុណ្ណោះ ហើយដង់ស៊ីតេមានត្រឹមតែ ២០,៧២ ដុល្លារប៉ុណ្ណោះក្នុងមនុស្សម្នាក់កាលពីឆ្នាំ២០២៣។ សូចនាករនេះបង្ហាញថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅតែមានសក្ដានុពលខ្លាំង សម្រាប់ការអភិវឌ្ឍនៅពេលអនាគត ប៉ុន្តែឧស្សាហកម្មមួយនេះក៏ប្រឈមនឹងកត្តាមួយចំនួនផងដែរ ដូចជាកង្វះជំនាញធានារ៉ាប់រងនិងការយល់ដឹងជាសាធារណៈ។
IRC ក៏បានបង្ហាញថា បុព្វលាភធានារ៉ាប់រងដុល (GWP) នៃវិស័យធានារ៉ាប់រងរបស់កម្ពុជាកាលពីឆ្នាំ២០២៣ មានចំនួន ៣៣២ លានដុល្លារ កើនឡើង ២០% បើធៀបនឹងឆ្នាំ២០២២ ដែលមាន ៣៣១,៨ លានដុល្លារ៕
评论被关闭。