កម្ពុជាបានចំណាយទឹកប្រាក់ជាង ២,៥ ប៊ីលានដុល្លារ ក្នុងការនាំចូលសម្ភារៈសំណង់ក្នុងឆ្នាំ២០២៤

របាយការណ៍​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋករ​កម្ពុជា​បានបង្ហាញថា កម្ពុជា​បានចំណាយ​ទឹកប្រាក់​ជាង ២,៥១១ ប៊ីលាន​ដុល្លារអាម៉េរិក ​លើការ​នាំចូល​សម្ភារៈ​សំណង់​ក្នុងឆ្នាំ២០២៤ កើនឡើងជិត ​៣៦% បើធៀបនឹង​ឆ្នាំ២០២៣ ដែលមាន​ទឹកប្រាក់​ជាង ​១,៨៤៩ ប៊ីលានដុល្លារ។

អគ្គនាយកដ្ឋាន​គយនិង​រដ្ឋករ​កម្ពុជា​បានឱ្យដឹងថា ក្នុងចំណោម​ទឹកប្រាក់​នាំចូល​សម្ភារៈ​សំណង់​ជាង ២,៥១១ ប៊ីលាន​ដុល្លារ ការនាំចូល​សម្ភារៈ​សំណង់​ចាំបាច់​នានា​មានទឹកប្រាក់​ជាង ១​,៦៥២ ប៊ីលាន​ដុល្លារ កើនឡើង​ជាង ២៤% ការ​នាំចូល​​ដែកនានា​មានទឹកប្រាក់​ជាង ៨៤២ លានដុល្លារ កើនឡើង​ជិត ៦៩% និង ការនាំចូល​ស៊ីម៉ង់ត៍​មានទឹកប្រាក់​ជិត ១៧ លានដុល្លារ ថយចុះ​ជិត ១៧%។​

ការកើនឡើង​នៃទំហំ​ទឹកប្រាក់​លើការ​នាំចូល​សម្ភារៈ​សំណង់ គឺអាស្រ័យ​លើការ​ចាប់ផ្ដើម​កម្រើកឡើងវិញនូវការ​ទិញ-លក់​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ២០២៤ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ និងសង្គ្រាម​។

យោងតាម​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹងថា គិតត្រឹម​រយៈពេល ១០ ខែ​នៃឆ្នាំ២០២៤ រាជធានី​ភ្នំពេញ​ទទួលបាន​គម្រោង​សាងសង់​ចំនួន ៥១៦ គម្រោង ជាមួយ​ទុន​វិនិ​យោគ​សរុប​ប្រមាណ ១ ប៊ីលាន​ដុល្លារ។ វិស័យ​សំណង់​នៅរាជធានី​ភ្នំពេញ​មាន​ការ​​រីកចម្រើនគួរឱ្យ​កត់សម្គាល់ មាន​អ​គារ​​ពាណិជ្ជកម្ម សណ្ឋា​គារ និង ខុនដូប្រណីត ត្រូវបាន​សាងសង់​ឡើងជាបន្ត​បន្ទាប់ ដែលសរុប​​ជាសំណង់​បុរី​និងផ្ទះ​ល្វែង​​ចំនួន ៤៤៨ កន្លែង និងអគារ​ខ្ពស់ៗ​ចំនួន ១ ៨៤៩ អគារ។​

​ថ្មីៗនេះ ធនាគារជាតិ​នៃកម្ពុជា​និងក្រសួង​រៀបចំ​ដែនដី នគរូបណីយកម្ម និង សំណង់ បានបើកកិច្ចប្រជុំ​និងស្នើឱ្យ​គ្រឹះស្ថាន​ធនាគារ​និងមីក្រូ​ហិរញ្ញវត្ថុ បញ្ចុះ​អត្រា​ការប្រាក់​កម្ចី​សម្រាប់​អតិថិជន​លើការ​បង់រម្លោះផ្ទះនានា។

យោងតាម​ធនាគារជាតិ​នៃកម្ពុជា គិតត្រឹម​ខែតុលា ឆ្នាំ២០២៤ ឥណទាន​ដែលផ្តល់ដោយ​គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ​ទៅក្នុង​វិស័យ​អចល​នទ្រព្យ មានប្រមាណ ៦,២ ប៊ីលាន​ដុល្លារ ឬស្មើនឹង ១០%​នៃទំហំ​ឥណទាន​​ជាង ៦១ ប៊ីលាន​ដុល្លារ មានកំណើន ១៧,៨% បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២៣៕

你可能还喜欢

评论被关闭。