សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ

នាព្រឹក​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​គណៈកម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌កំបាំង​យុទ្ធគុន​ដូនតាខ្មែរ ដែលដឹកនាំ​ដោយលោក ថោង ខុន ទេសរដ្ឋមន្រ្តី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និងជា​ប្រធានគណៈកម្មការ នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក ថោង ខុន បានរាយការណ៍​ជូនសម្ដេចធិបតី អំពី​វឌ្ឍនភាព​និងសមិទ្ធផល​នៃ​ការស្រាវជ្រាវ​គម្ពីរ​អាថ៌កំបាំង​យុទ្ធគុន​ដូនតាខ្មែរ ដោយគណៈកម្មការ​បានបែងចែក​ភារកិច្ច​ដល់ក្រុមជំនាញ​ស្រាវជ្រាវ ទៅតាម​ប្រភេទ​នីមួយៗ​នៃក្បាច់គុន​ដូនតាខ្មែរ ដែលការ​ស្រាវជ្រាវ​នោះគឺពឹងផ្អែក​លើប្រភព​អរូបី ដែលរួមមាន​មរតក​មនុស្សរស់ សម្រាប់​ជាមូលដ្ឋាន​នៃការ​ស្រាវជ្រាវ និងប្រភព​រូបី ដែលមាន​សាស្ត្រា​ស្លឹករឹត វត្ថុបុរាណ សិលា​ចារឹក​ដែលមាន​ឆ្លាក់នៅតាម​ប្រាសាទ​បុរាណ​នានា ព្រមទាំង​ប្រភព​កម្លាំង​ធម្មជាតិ ដូចជា​ការស្រាវជ្រាវ​លើយ័ន្ត​និងមន្តអាគម​ជាដើម។ លោកក៏បាន​លើកឡើង​អំពី​ការត្រៀម​រៀបចំ​ការប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​ខ្មែរបុរាណ «ពានរង្វាន់​សម្ដេចធិបតី» លើកទី២ ដែលគ្រោង​រៀបចំ​នៅចុងឆ្នាំ២០២៥។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ​និងវាយតម្លៃខ្ពស់ ចំពោះ​លទ្ធផល​សម្រេចបាន​របស់​គណៈកម្មការ​ស្រាវជ្រាវ ដែលបាន​ខិតខំ​នាពេល​កន្លងមក និងបាន​គូសបញ្ជាក់​ថា យុទ្ធគុន​ដូនតាខ្មែរ​ដែលបាន​រក្សាទុក​សម្រាប់​កូនខ្មែរ​ជំនាន់ក្រោយ មានភាព​សម្បូរបែប​និងមាន​តម្លៃ​មិនអាច​កាត់ថ្លៃបាន ដូច្នេះ​យើងត្រូវ​ខិតខំ​ស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និង អនុវត្ត ដើម្បី​អភិរក្ស​មរតក​យុទ្ធគុន​ដូនតាខ្មែរ​ឱ្យមាន​និរន្តរភាព​និងបន្ត​តជំនាន់។

សម្ដេច​បានសង្កត់ធ្ងន់​ថា ការសិក្សា​ស្រាវជ្រាវ​នេះត្រូវ​ធ្វើយ៉ាងណា​ឱ្យមាន​ភាពសុក្រឹត​និងច្បាស់លាស់ ដោយផ្អែកលើ​តឹកតាង​ប្រវត្តិសាស្ត្រ ព្រោះ​នេះជា​ឯកសារ​ផ្លូវការ​ដ៏មានសារៈសំខាន់​បំផុត ដែលចងក្រង​អំពី​យុទ្ធគុន​ដូនតាខ្មែរ។ ជាមួយគ្នានេះ គណៈកម្មការ​ត្រូវសិក្សា​ស្រាវជ្រាវ និងកំណត់​អត្តសញ្ញាណ​ឱ្យច្បាស់​នូវប្រភេទ​យុទ្ធគុន​នីមួយៗ ដើម្បី​សង្គ្រោះ​យុទ្ធគុន​ដូនតាខ្មែរ​ដែលបាន​បាត់បង់ ឬជិតនឹង​បាត់បង់ ក៏ដូចជា​អភិរក្ស​យុទ្ធគុន​ដូនតាខ្មែរ​ដែលកំពុងមាន​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើក​ទឹកចិត្ត​ដល់គណៈកម្មការ ឱ្យបង្កើន​​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវប្រភេទ​យុទ្ធគុន​ដូនតាខ្មែរ​ដ៏សម្បូរបែប។ ចំពោះ​ការរៀបចំ​ការប្រកួត​យុទ្ធគុន​ចម្រុះ​ខ្មែរបុរាណ «ពានរង្វាន់​សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥នេះ សម្ដេច​បានលើក​ទឹកចិត្ត​ឱ្យគណៈកម្មការ​រៀបចំ​នីតិវិធី​នៃការប្រកួត​ឱ្យកាន់តែ​ល្អប្រសើរ និងជំរុញ​ការចូលរួម​ឱ្យបាន​ទូលំ​ទូលាយ​ពីគ្រប់​ប្រភេទ​យុទ្ធគុនខ្មែរ ដើម្បី​ឱ្យប្រជាពលរដ្ឋ​ខ្មែរបាន​យល់ដឹង​កាន់តែ​ច្រើន អំពី​មរតក​យុទ្ធគុន​ដូនតាខ្មែរ​យើង៕

你可能还喜欢

评论被关闭。