ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិនិត្យលើសំណើគម្រោងវិនិយោគចំនួន ១២ ជាមួយទុនសរុប ១៣៥ លានដុល្លារ
នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យនិងពិភាក្សាលើគម្រោងវិនិយោគចំនួន ១២ ជាមួយទុនវិនិយោគសរុបប្រមាណ ១៣៥ លានដុល្លារអាម៉េរិក។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។
អង្គប្រជុំបានពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១៣៥ លានដុល្លារ ដែលអាចបង្កើតការងារបានចំនួនប្រមាណ ៧ ០០០ កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១ គម្រោង រួមមានគម្រោងផលិតឧបករណ៍បរិក្ខារពេទ្យ ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ការកែច្នៃលោហធាតុ ផលិតពិល ផលិតគ្រោងសំណង់ពីលោហធាតុ ឧបករណ៍ជាងគ្រប់ប្រភេទ កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌។ ដោយឡែក មុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១ គម្រោង គឺគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានអានុភាព ៣០ មេហ្គាវ៉ាត់។ មុខសញ្ញាវិនិយោគទាំង ១២ ម្រោងនេះ បានបោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ តាកែវ កណ្តាល កំពត និង ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ ប៊ីលានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។
ដោយឡែក សម្រាប់ខែមករា ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៦៤ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨ លានដុល្លារ៕