ក្រសួងប្រៃសណីយ៍ប្រាប់ពីវិធីសាស្រ្តការពារខ្លួនពីឧបាយកលឆបោកតាមបច្ចេកវិទ្យា AI

នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​កម្ពុជា បានចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​វិធីសាស្ត្រការពារ​ខ្លួនពីឧបាយកល​ឆបោក ដោយការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​ជាការ​ក្រើនរម្លឹក​ដល់ប្រជាពលរដ្ឋ ជៀសវាងការ​ចាញ់បោក​​តាមប្រព័ន្ធ​បច្ចេក​វិទ្យា AI។

ការក្រើនរម្លឹក​របស់​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ គឺស្របពេល​ដែលបច្ចេកវិទ្យា​កំពុង​អភិវឌ្ឍ​ឥតឈប់ឈរ ហើយការ​ឆបោក​តាមប្រព័ន្ធ​អនឡាញ​ក៏កាន់តែ​ច្រើនឡើង ដែលជា​បញ្ហា​សកល​កំពុងកើនឡើង​គួរឱ្យ​កត់សម្គាល់ ដោយក្រុមឆបោក​បានប្រើប្រាស់​បច្ចេកវិទ្យា​ AI ក្នុងការ​បោកប្រាស់​តាមប្រព័ន្ធ​ទូរសព្ទ ក៏ដូចជា​ប្រព័ន្ធ​ទូរគមនាគមន៍​ផ្សេងៗ ដើម្បី​ឱ្យអ្នក​ផ្ទេរប្រាក់​ឬចែករំលែក​ទិន្នន័យ​សំខាន់ៗ​មួយចំនួន ដោយក្លែងបន្លំ​ជាការសន្ទនា​សំឡេង រូបភាព ឬ វីដេអូ ដែលមាន​មុខមាត់​ពិតរបស់​សមាជិក​គ្រួសារ មិត្តភក្តិ ឬ អ្នកស្គាល់គ្នា ដោយទាមទារ ស្នើសុំ ឬ ខ្ចីប្រាក់ ដែលតម្រូវ​ឱ្យអ្នក​ផ្ទេរប្រាក់​តាមអនឡាញ ឬស្នើសុំ​ឱ្យអ្នក​ចែករំលែក​ទិន្នន័យ​ផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដ​សម្ងាត់​របស់​គណនី​ធនាគារ លេខកូដ​បណ្តាញ​ទំនាក់ទំនង​សង្គម លេខកូដ​ផ្ទៀងផ្ទាត់ ឬ ព័ត៌មាន​សំខាន់​ផ្សេងៗ ដែលធ្វើឱ្យ​អ្នកមានការ​ពិបាក​ក្នុងការ​កំណត់​អត្តសញ្ញាណ​ពិតឬក្លែងក្លាយ។

ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍បានលើកឡើង​ អំពី​វិធីសាស្រ្ត​ការពារ​ខ្លួនពីការ​ឆបោក​នេះ ដោយបាន​បញ្ជាក់ថា ដើម្បី​ការពារ​ខ្លួនពីការ​ឆបោក​ខាងលើ រាល់ពេល​ដែលទទួលបាន​ការហៅ​តាមរយៈ​ទូរសព្ទ សារ សំឡេង រូបភាព ឬ វីដេអូ ដែលមាន​លក្ខណៈ​គួរឱ្យ​សង្ស័យ គប្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​បុគ្គលនោះ​ឱ្យបានច្បាស់ ដោយពិនិត្យ​លេខទូរសព្ទ​ឬរូបភាព​គណនី និងតម្រូវឱ្យ​បុគ្គលនោះ​បើកកាមេរ៉ា​វីដេអូ​បង្ហាញ​មុខភ្លាមៗ ព្រមទាំង​ពិនិត្យ​ផ្ទៀងផ្ទាត់​អាកប្បកិរិយា​របស់​បុគ្គល​នោះ ថាតើ​ដូចប្រក្រតី​ឬប្លែកពី​អ្នកដែល​យើងស្គាល់។

បន្ថែមពីនេះ ត្រូវសួរ​សំណួរ​ផ្ទាល់ខ្លួន​ឬសកម្មភាព​ដែលបាន​ទាក់ទង​គ្នាចុងក្រោយ ដែលគិតថា​ត្រូវតែ​ដឹង ហើយបង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការចែក​រំលែក​ព័ត៌មាន សំឡេង រូបភាព ឬ វីដេអូ​សាម៉ីខ្លួន​ជាសាធារណៈ ព្រោះអាច​ឱ្យជនខិលខូច​យកមាតិកា​ទាំងនោះ​ទៅក្លែងបន្លំ​ជាអ្នក ដើម្បី​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ និងមិនត្រូវ​ផ្តល់ទិន្នន័យ​ផ្ទាល់ខ្លួន​ទៅជន​ដែលសង្ស័យ​ជាដាច់ខាត៕

你可能还喜欢