ផ្លូវ ៦០ ម៉ែត្រត្រូវបានដាក់របាំងទ្រូងផ្លូវជាផ្លូវការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) រាជធានីភ្នំពេញ បានចាប់ផ្តើមដំឡើងរបាំងទ្រូងផ្លូវជាផ្លូវការ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារសុវត្ថិភាពនិងអាយុជីវិតរបស់អ្នកដំណើរ។
ប្រភពក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា ការដាក់របាំងទ្រូវផ្លូវលើផ្លូវ ៦០ ម៉ែត្រនេះ មានដំឡើងជារបាំងដែកនិងរបាំងបេតុង ដោយបានកំណត់លើទីតាំងដូចខាងក្រោម៖
១. របាំងទ្រូងផ្លូវដែក ត្រូវបានដំឡើងចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងសញ្ញាចរាចរណ៍ប្រសព្វមហាវិថី ហ៊ុន នាង។ កំណាត់ផ្លូវនេះត្រូវបានកំណត់ល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
២. របាំងទ្រូងផ្លូវបេតុង ត្រូវបានដំឡើងចាប់ពីមហាវិថី ហ៊ុន នាង ដល់ផ្លូវជាតិលេខ២។ កំណាត់ផ្លូវនេះត្រូវបានកំណត់ល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
ទន្ទឹមនឹងនេះ ផ្លូវ ៦០ ម៉ែត្រនេះក៏ត្រូវបានអ៊ុតគំនូសចរាចរណ៍ ដោយគូសគំនូសបែងចែកគន្លងរថយន្តនិងទោចក្រយានយន្ត ព្រមទាំងដំឡើងស្លាកសញ្ញាចរាចរណ៍បន្ថែមផងដែរ។
ការដាក់របាំងទ្រូងផ្លូវលើផ្លូវ ៦០ ម៉ែត្រនេះ ធ្វើឡើងបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ក្នុងអំឡុងខែមករា ឆ្នាំ២០២៥ នេះ ដោយបង្កឱ្យមានមនុស្សស្លាប់និងរបួសជាច្រើន និងមានការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធសុវត្ថិភាពចរាចរណ៍។
ប្រជាពលរដ្ឋបានសាទរចំពោះការរៀបចំហេដ្ឋរចនាសម្ព័ន្ធនិងប្រព័ន្ធសុវត្ថិភាពចរាចរណ៍លើផ្លូវ ៦០ ម៉ែត្រ ដែលជាច្រកចរាចរណ៍ដ៏មមាញឹកមួយនេះ។
ទោះយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ចនៅតែអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់ គប្បីគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ ដើម្បីចូលរួមបង្ការនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាអតិបរិមា ដែលជាការការពារអាយុជីវិតខ្លួនឯងផងនិងអ្នកដទៃផង៕
评论被关闭。