សម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ
ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេល ២ ថ្ងៃ ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាពប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់លោក សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ។
តាមការគ្រោងទុក ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ សម្តេចតេជោនឹងមានជំនួបទ្វេភាគីជាមួយលោកបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សនសៃ ស៊ី ផាន់ដន នាយករដ្ឋមន្ត្រីឡាវ និង ធ្វើជាសហប្រធានជាមួយលោក ថងលូន ស៊ីសូលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំកំពូលលើកទី១៥ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រជាជនបដិវត្តន៍ឡាវ។
សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ រួមមានសម្ដេចអនុប្រធានគណបក្សប្រជាជនកម្ពុជា និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំនួន ៣ រូប គឺសម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា និង ថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕