លោកអ្នកឧកញ៉ា ពុង ឃាវសែ បង្ហាញអារម្មណ៍រំភើប និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍សាទរឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៥
លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានបង្ហាញនូវអារម្មណ៍រំភើបរីករាយនិងបានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍សាទរឆ្មាំថ្មីប្រពៃណីចិនឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ការលើកឡើងរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បន្ទាប់ពីលោកបានឃើញសារព័ត៌មាន ជានហ្វា ចុះផ្សាយ «លិខិតថ្លែងអំណរគុណ» របស់ក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ជូនចំពោះសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភ និងគាំទ្រដល់កម្មវិធីសាទរឆ្នាំថ្មីប្រពៃណីចិន និងពិព័រណ៍ផលិតផលកម្ពុជា-ចិននាពេលកន្លងមក។ លោកបានថ្លែងថា នៅពេលឃើញលិខិតថ្លែងអំណរគុណនេះ ធ្វើឱ្យលោកហាក់មានអារម្មណ៍ថាទិដ្ឋភាពដ៏រីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បាននិងកំពុងតែលេចឡើងសាជាថ្មីម្តងទៀត។
លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជន ដោយចាត់ទុកក្រុមយុវជនមិនត្រឹមតែជាបណ្តុំនៃធនធានខ្សែស្រឡាយចិនប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកិច្ចការសង្គមប្រកបដោយបុរេសកម្មទៀតផង អ្នកខ្លះជួយជាថវិកា អ្នកខ្លះជួយជាកម្លាំង អ្នកខ្លះជួយជាសម្ភារៈ ធ្វើឱ្យកម្មវិធីសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងពិព័រណ៍ផលិតផលកម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (១៧-១៩ មករា ២០២៥) បានបញ្ចប់ដោយស្ថាពរជាមួយលទ្ធផលគួរជាទីមោទកៈ ដែលកម្មវិធីនេះបានបង្ហាញពីសមាហរណកម្មនៃវប្បធម៌ចិននិងកម្ពុជា ថែមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋាន។
លោកបន្ថែមថា ការបំពេញភារកិច្ចប្រកបដោយសាមគ្គីភាពជាធ្លុងមួយ និងឧស្សាហ៍ព្យាយាមរបស់សមាជិកគ្រប់រូបនៃក្រុមយុវជន ទទួលបានការកោតសរសើរនិងគាំទ្រពីគ្រប់មជ្ឈដ្ឋាន ហើយអ្វីដែលធ្វើឱ្យយើងរីករាយនោះ គឺយើងបានមើលឃើញនូវក្តីសង្ឃឹមនៃអ្នកបន្តវេន ដែលការណ៍នេះធ្វើឱ្យយើងមានការជឿជាក់យ៉ាងមុតមាំថា កិច្ចការសង្គមរបស់ប្រជាជនខ្សែស្រឡាយចិននឹងបន្តអភិវឌ្ឍជានិច្ចនិរន្តរ៍។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ យុវជនខ្សែស្រឡាយចិនសុទ្ធតែជាអ្នកជំនាន់ទី៣ ទី៤ និង ទី៥ អ្នកខ្លះអាចនិយាយភាសាចិនបានយ៉ាងល្អនិងស្ទាត់ជំនាញ អ្នកខ្លះអាចនិយាយបានតិចតួច ប៉ុន្តែគ្រប់គ្នាមានគោលបំណងនិងចក្ខុវិស័យរួមមួយ គឺបន្តអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ដូនតា ដូច្នេះហើយទើបគ្រប់គ្នារួមគ្នាជាធ្លុងមួយ ចូលរួមកិច្ចការសង្គមខ្សែស្រឡាយចិន។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍បន្ថែមថា យើងក៏មានចិត្តសោមនស្សរីករាយដែលបានឃើញបណ្តាសមាគមចិននិងសមាគមត្រកូលចិន នាំគ្នាបង្កើត “អង្គការយុវជន” ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវជនខ្សែស្រឡាយចិន ដែលជាការបញ្ជាក់ឱ្យឃើញពីការទទួលស្គាល់ដើមកំណើតរបស់ពួកគេ។ ដូច្នេះ ការណ៍ដែលយុវជនខ្សែស្រឡាយចិនជំនាន់ទី៣ ទី៤ និង ទី៥ ទទួលស្គាល់ពីវប្បធម៌ប្រពៃណីចិន សបញ្ជាក់ឱ្យឃើញថា អ្វីដែលយើងបានខិតខំប្រឹងប្រែងជាច្រើនឆ្នាំមកនេះ មិនឥតប្រយោជន៍នោះទេ។
ទន្ទឹមនឹងនេះ លោកសង្ឃឹមថា គ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ជាពិសេសតំបន់ទីប្រជុំជនដែលសម្បូរដោយប្រជាជនខ្សែស្រឡាយចិន អាចបង្កើត “ក្រុមយុវជន” ឬ “ក្រុមអតីតសិស្សសាលា” ដែលអាចប្រមូលផ្តុំកម្លាំងយុវជនខ្សែស្រឡាយចិន ដើម្បីឱ្យមានការផ្សព្វផ្សាយនិងបន្តវេនលើកិច្ចការសង្គមរបស់ប្រជាជនខ្សែស្រឡាយចិននៅគ្រប់ទីកន្លែង។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់បន្ថែមថា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា នឹងបន្តយកចិត្តទុកដាក់និងគាំទ្រការបង្កើតក្រុមយុវជននៅគ្រប់ទីកន្លែង ព្រមទាំងចាត់បញ្ជូនក្រុមយុវជននៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ចុះទៅបំពេញទស្សនកិច្ចនិងសួរសុខទុក្ខនៅតាមតំបន់នានា ដើម្បីជំរុញសាមគ្គីភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សង្គមខ្សែស្រឡាយចិន។
ឆ្លៀតក្នុងឱកាសខួបទី ៣៥ ឆ្នាំនៃការបង្កើតសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ តាងនាមឱ្យសមាគមនិងសមាជិកទាំងអស់នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានបង្ហាញនូវក្តីរំភើបឥតឧបមាចំពោះសមិទ្ធផលទាំងឡាយដែលក្រុមយុវជនសម្រេចបាន ហើយលោកសង្ឃឹមថា តាមរយៈសមិទ្ធផលដ៏ថ្លៃថ្លានេះ នឹងជួយជំរុញនិងលើកទឹកចិត្តដល់ក្រុមយុវជន ឱ្យអភិវឌ្ឍខ្លួនកាន់តែប្រសើរឡើងថែមទៀតនាពេលអនាគត។
តាមរយៈ «លិខិតថ្លែងអំណរគុណ» របស់ក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដែលបានចុះផ្សាយនៅលើសារព័ត៌មាន ជានហ្វា នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍សាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងពិព័រណ៍ផលិតផលកម្ពុជា-ចិន ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ មានសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានបានធ្វើការឧបត្ថម្ភជាថវិកា ឧបករណ៍ សម្ភារៈ និង វត្ថុអនុស្សាវរីយ៍ជាដើម។ ទន្ទឹមនឹងនេះ ក៏មានបណ្តាសមាគម ក្រុមហ៊ុន សហគ្រាសជាច្រើន ក៏បានធ្វើការអបអរតាមរយៈការចុះផ្សាយលើទំព័រសារព័ត៌មាន ជានហ្វា ផងដែរ។
យោងតាមស្មារតីនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពប្រធានសមាគមលោកអ្នកឧកញ៉ា ពុង ឃាវសែ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាគ្រោងកំណត់ពេលវេលាជាក់លាក់មួយ ដើម្បីប្រារព្ធកម្មវិធីសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជារៀងរាល់ឆ្នាំ ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវសមាហរណកម្មវប្បធម៌ប្រពៃណីកម្ពុជា-ចិន និងធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងស្អិតល្មួតបន្ថែមទៀត៕
评论被关闭。