សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីននៅថ្ងៃស្អែក
តបតាមការអញ្ជើញរបស់លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន រយៈពេល ២ ថ្ងៃ (១០-១១ កុម្ភៈ ២០២៥)។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទីមួយរបស់សម្តេចធិបតីសម្រាប់ឆ្នាំ២០២៥នេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនៅហ្វីលីពីន សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយ លោក Ferdinand R. Marcos Jr. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និង អន្តរជាតិ។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរនឹងចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាមួយចំនួន។
ក្នុងឱកាសនៃទស្សនកិច្ចនេះផងដែរ សម្តេចធិបតីនឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក Francis “Chiz” G. Escudero ប្រធានព្រឹទ្ធសភាហ្វីលីពីន និងលោក Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភាហ្វីលីពីន។ សម្តេចធិបតីក៏នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើក ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពីនផងដែរ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីលើកនេះ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងកម្ពុជា-ហ្វីលីពីន។
កម្ពុជានិងហ្វីលីពីនបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅឆ្នាំ១៩៥៧ ឆ្នាំ២០២៥នេះ ជាខួបទី ៦៨ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។
ក្នុងក្របខណ្ឌអាស៊ាន បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចបានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ថៃ ឡាវ ម៉ាឡេស៊ី និង ប្រទេសសិង្ហបុរី៕
评论被关闭。