សាជីវកម្ម San Miguel របស់ហ្វីលីពីនចាប់អារម្មណ៍ បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា
នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ក្នុងឱកាសនៃជំនួប លោក Ramon S. Ang បានលើកឡើងថា សាជីវកម្ម San Miguel ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត អាហារនិងភេសជ្ជៈ ថាមពលនិងចម្រាញ់ប្រេង។ San Miguel បានសាងសង់និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino របស់ហ្វីលីពីន។ ជាមួយគ្នានេះ ក្រុមហ៊ុនចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា ព្រោះកម្ពុជាជាប្រទេសមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ និងជាប្រទេសដែលមានដីមានជីជាតិល្អ កម្លាំងពលកម្មមានជំនាញ ភូមិសាស្ត្រអំណោយផល ដែលអាចឱ្យកម្ពុជាតភ្ជាប់ខ្លួនទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់និងសកលលោកបានយ៉ាងល្អ។
San Miguel បានបង្កើតឡើងក្នុងឆ្នាំ១៩៩០ គឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន ដោយធ្វើអាជីវកម្មលើវិស័យចំណីអាហារនិងភេសជ្ជៈ ការវេចខ្ចប់ រោងចក្រចម្រាញ់ប្រេង វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង អចលនទ្រព្យជាដើម។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចបានគូសបញ្ជាក់ពីសក្ដានុពលនិងឱកាសនៃការវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងកម្ពុជានិងបណ្ដាប្រទេសក្នុងតំបន់។ ជាមួយគ្នានេះ សម្ដេចក៏បានលើកឡើងអំពីវិស័យគន្លឹះនិងយុទ្ធសាស្ត្ររបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា វិស័យកសិកម្មដែលជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា គឺជាវិស័យដែលក្រុមហ៊ុនគួរយកចិត្តទុកដាក់និងពិនិត្យមើលឱកាសវិនិយោគក្នុងដំណាក់កាលណាមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់និងភ្ជាប់ទៅកាន់តំបន់និងពិភពកលោក។ សម្ដេចបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងគាំទ្រ បង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្កើតបរិយាកាសអំណោយផល និងកិច្ចសម្របសម្រួលនានា សំដៅជំរុញការវិនិយោគនិងភាពជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា៕
评论被关闭。