សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. និងធ្វើជាអធិបតី ក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី
នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Ferdinand R. Marcos Jr. បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ការពារជាតិ និងសន្តិសុខ កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យា និង ការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌអាស៊ាន តំបន់ និង អន្តរជាតិផងដែរ។
ក្រោយពេលជំនួប សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតីភាពជាមួយលោក Ferdinand R. Marcos Jr. ក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ៨ រួមមាន៖
១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការជៀសវាងពន្ធ។
២. អនុស្សរណៈនៃការសម្តែងបំណងសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន។
៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលហ្វីលីពីន និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្ការអំពើលួចនិងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌។
៤. អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្មនិងកសិ-ពាណិជ្ជកម្ម។
៥. អនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជានិងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង។
៦. កម្មវិធីនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជានិងក្រសួងទេសចរណ៍ហ្វីលីពីន។
៧. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងអភិវឌ្ឍន៍ជំនាញហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។
៨. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជានិងក្រសួងបច្ចេកវិទ្យាព័ត៌មានហ្វីលីពីន៕
评论被关闭。