នាយករដ្ឋមន្ត្រីកម្ពុជាដាក់ចេញវិធានការក្ដៅ បង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យបើកយុទ្ធនាការបោសសម្អាតបណ្ដាញឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាប្រចាំ មិនថាតូចឬធំនោះទេ ហើយត្រូវបង្ក្រាបឱ្យបានមេខ្លោងជួញដូរនិងខ្សែរយៈឆ្លងដែនរបស់ឧក្រិដ្ឋជនទាំងនេះ។
នៅក្នុងផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ជាពិសេសខេត្តជាប់ព្រំដែន ត្រូវចាត់វិធានការស្វែងរកនិងទប់ស្កាត់ការលួចនាំចូលគ្រឿងញៀនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព ក្នុងករណីចាំបាច់ត្រូវស្នើសុំកិច្ចសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់នេះតែម្ដង។
សម្តេចធិបតីបានលើកឡើងក្នុងផែនការនោះថា រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ កម្ពុជា-ថៃ និង កម្ពុជា-វៀតណាម ត្រូវខិតខំសហការជាមួយភាគីឡាវ ភាគីថៃ និង ភាគីវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាននិងសហការស៊ើបអង្កេតរកមុខសញ្ញា ហើយឈានទៅបង្ការ ទប់ស្កាត់ និង កាត់ផ្ដាច់ការចរាចរគ្រឿងញឿនឆ្លងកាត់តាមព្រំដែនតែម្តង។
សម្ដេចក៏បញ្ជាឱ្យអគ្គស្នងការដ្ឋានគរបាលជាតិ ត្រូវបើកទូលាយនូវការផ្លាស់ប្ដូរព័ត៌មានជាមួយការិយាល័យសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC) អង្គការឧក្រិដ្ឋកម្មនគរបាលអន្តរជាតិ (INTERPOL) និង ស្ថាប័នអនុវត្តច្បាប់ប្រទេសនានា ជាពិសេសប្រទេសដែលជាប្រភពនាំចូលគ្រឿងញៀនចូលកម្ពុជា ដើម្បីមានវិធានការបង្ក្រាបអង្គការចាត់តាំងឬបណ្ដាញជួញដូរគ្រឿងញៀនជាអន្តរជាតិឱ្យដល់ឫសគល់។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជារដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវចាត់វិធានការម៉ឺងម៉ាត់ក្នុងការតាមដាន ត្រួតពិនិត្យ និង ចាត់វិធានការបិទជាបណ្ដោះអាសន្នឬបិទជាស្ថាពរ ចំពោះអាជីវកម្មណាដែលបណ្ដែតបណ្ដោយឱ្យមានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងរបស់ខ្លួន ក្នុងនោះរួមមាន ទីតាំងអាជីវកម្មកម្សាន្ត ខុនដូ បារ ខារ៉ាអូខេ (KTV) ផ្ទះសំណាក់ សណ្ឋាគារ និង ក្លិបរាត្រីជាដើម។ បន្ថែមលើនេះ ត្រូវមានកិច្ចពិគ្រោះយោបល់ជាមួយសហគមន៍ គ្រឹះស្ថានសិក្សា គ្រឹះស្ថានសាធារណៈ រោងចក្រ សហគ្រាស និង វិស័យឯកជននានា ដើម្បីប្រមូលផ្ដុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ឬអនុវត្តវិធានការរដ្ឋបាល។
សម្ដេចធិបតីក៏ជំរុញឱ្យពង្រឹងយន្តការទទួលការរាយការណ៍ពីពលរដ្ឋ ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសគ្រឿងញៀនឱ្យទាន់ពេលវេលាផងដែរ។
តាមរយៈការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន ក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ក្រាបនិងដកហូតគ្រឿងញៀនបានជិត ១៥ តោន និងសារធាតុគីមីទាក់ទងនឹងសារធាតុញៀនបានជាង ៣៥០ គីឡូក្រាម មានការកើនឡើងជិត ៨ ដងបើធៀបនឹងឆ្នាំ២០២៣ ដែលសមត្ថកិច្ចបានបង្ក្រាបនិងដកហូតបានជាង ២ តោន៕
评论被关闭。