កាកបាទក្រហមកម្ពុជាប្រគល់មូលនិធិ ៥ លានដុល្លារជូនមន្ទីរពេទ្យ ហ្លួង ម៉ែ
នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បានជួបសវនាការនិងចុះហត្ថលេខាប្រគល់មូលនិធិចំនួន ៥ លានដុល្លារអាម៉េរិកជូនមន្ទីរពេទ្យ ហ្លួង ម៉ែ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួងម៉ែ ជាអ្នកទទួលថវិកានេះដោយផ្ទាល់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានស្វាគមន៍និងសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងពាំនាំនូវប្រសាសន៍សួរសុខទុក្ខនិងការកោតសរសើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចំពោះថ្នាក់ដឹកនាំ មន្ត្រី និង បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល រៀបចំឱ្យមន្ទីរពេទ្យ ហ្លួងម៉ែ ជា «មន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក» ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ ដូចជាម៉ាស៊ីនបាញ់កាំរស្មី (LINAC) ម៉ាស៊ីន CT Scan ម៉ាស៊ីន RF Ablation System ម៉ាស៊ីន C-Arm ម៉ាស៊ីន Endoscope Ultrasound System ជាដើម ដែលអាចដំណើរការដំណាក់កាលដំបូង បានចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រៀងមក។
លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ដោយសារមន្ទីរពេទ្យមានតម្រូវការថវិកា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យនិងព្យាបាលជំងឺមហារីក និងបានដឹងថាមន្ទីរពេទ្យមានផែនការបើកទទួលអ្នកជំងឺមកសម្រាកក្នុងមន្ទីរពេទ្យចាប់ពីខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ទើបបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជាបានសម្រេចផ្តល់ជូនមន្ទីរពេទ្យ ហ្លួង ម៉ែ នូវថវិកាចំនួន ៥ លានដុល្លារតាមការស្នើសុំរបស់មន្ទីរពេទ្យ ដើម្បីអាចបំពាក់បន្ថែមនូវសម្ភារៈបរិក្ខារដែលមានដូចជា៖ ម៉ាស៊ីន MRI ម៉ាស៊ីន HDR Brachytherapy ម៉ាស៊ីនអន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ (Cath Lab) បរិក្ខារសម្រាប់បង្កើតមន្ទីរពិសោធន៍ទំនើបវិភាគសាច់ និង សម្ភារៈ / បរិក្ខារជាច្រើនទៀត។
លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ថវិកាដែលកាកបាទក្រហមកម្ពុជាបានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ ហ្លួង ម៉ែ នាពេលនេះ គឺជាថវិកាដែលទទួលបានពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាជារៀងរាល់ឆ្នាំ។ មូលនិធិដែលទទួលបានពីទិវា ៨ ឧសភា កាកបាទក្រហមកម្ពុជាតែងតែយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាចំនួន ១ លានដុល្លារជារៀងរាល់ឆ្នាំ (ចាប់តាំងពីឆ្នាំ២០១២ រៀងមក) បានជួយដល់មន្ទីរពេទ្យស្ត្រីនគរទេព មន្ទីរពេទ្យ កាល់ ម៉ែត មន្ទីរពេទ្យកុមារអង្គរសៀមរាប និងបានចុះសួរសុខទុក្ខអ្នកជំងឺតាមមន្ទីរពេទ្យ កុមារកំព្រា ជនពិការ និង អង្គការ / សមាគមមួយចំនួន។
លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជាជូនដល់មន្ទីរពេទ្យ ហ្លួង ម៉ែ។ នេះគឺជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដើម្បីបន្តខិតខំបម្រើជាតិមាតុភូមិនិងប្រជាជនកម្ពុជា៕
评论被关闭。