ទេសាភិបាលធនាគារជាតិកម្ពុជា ជា សិរី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធនាគារ​ពិភពលោក ដែលដឹកនាំ​ដោយលោកស្រី Lalita M. Moorty នាយក​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត​និងប៉ាស៊ីហ្វិក នៅធនាគារជាតិ​នៃកម្ពុជា អគារ​វត្តភ្នំ រាជធានីភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោកស្រី Lalita M. Moorty បានលើកឡើង​អំពី​ស្ថានភាព​ទូទៅ​នៃសេដ្ឋកិច្ច​ពិភពលោក បេសកកម្ម​របស់​ធនាគារ​ពិភពលោក វឌ្ឍនភាព​នៃវិស័យ​ហិរញ្ញវត្ថុ​ក្នុងតំបន់ និង លទ្ធភាព​របស់​ធនាគារ​ពិភពលោក​ក្នុងការ​ផ្តល់ជំនួយ​បច្ចេកទេស​នានា ជូនធនាគារជាតិ​នៃកម្ពុជា​តាមការ​ចាំបាច់។ លោកស្រី​ក៏បាន​ស្វែងយល់​បន្ថែមអំពី​ស្ថានភាព​ទូទៅ​នៃវិស័យ​ធនាគារ​នៅកម្ពុជា​នាពេលបច្ចុប្បន្ន។

ជាការ​ឆ្លើយតប លោកស្រី ជា សិរី បានជម្រាបជូន​អំពី​ស្ថានភាព​ទូទៅ​នៃវិស័យ​ធនាគារ​នៅកម្ពុជា ដែលបន្ត​រក្សា​បាននូវ​ស្ថិរភាព​និងជំនឿ​ទុកចិត្ត​របស់​សាធារណជន។ កន្លងមក ធនាគារជាតិ​នៃកម្ពុជា​ក៏បាន​ដាក់ចេញនូវ​គោលនយោបាយ​ជាច្រើន ដូចជា​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន និងការ​ដាក់ឱ្យ​ប្រើប្រាស់​នូវប្រព័ន្ធ​ឌីជីថល ជាពិសេស​ប្រព័ន្ធ​ទូទាត់​បាគង ដែលមិន​ត្រឹមតែ​ត្រូវបាន​ប្រើប្រាស់​ជាប្រព័ន្ធ​ទូទាត់​ប៉ុណ្ណោះទេ ថែមទាំង​បានប្រើប្រាស់​ជាសូចនាករ​នៃលំហូរ​សាច់ប្រាក់​របស់​សហគ្រាស​ធន់តូច​និងមធ្យម សម្រាប់​ការវាយតម្លៃ​ផ្នែកឥណទាន ដែលនេះ​ជាជំហាន​ថ្មីមួយ​សម្រាប់​វិស័យ​ធនាគារ​នៅកម្ពុជា។

លោកស្រី​ក៏បាន​គូសបញ្ជាក់​អំពី​តួនាទី​របស់​ក្រុមហ៊ុន​ក្រេឌីត​ប៊ុយរ៉ូ​កម្ពុជា ក្នុងការ​ជួយលើក​កម្ពស់​ប្រសិទ្ធភាព​នៃការ​វិភាគ​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ​និងហិរញ្ញវត្ថុ ដែលជា​ចំណែកមួយ​នៃវិធានការពារ​និងរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ។ ធនាគារជាតិ​នៃកម្ពុជា​ក៏ដៃគូសហការ​ដ៏សំខាន់​របស់​ក្រសួង-ស្ថាប័ន​រាជរដ្ឋាភិបាល និងដៃគូ​អភិវឌ្ឍ​នានា​ផងដែរ។

លោកស្រី ជា សិរី ក៏បាន​លើកឡើង​ពីការ​រួមចំណែក​របស់​ធនាគារ​ពិភពលោក ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ​និងហិរញ្ញវត្ថុ​នៅកម្ពុជា ធនាគារជាតិ​នៃកម្ពុជា​ក៏នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ធនាគារ​ពិភពលោកនិងដៃគូ​អភិវឌ្ឍ​នានា ស្របតាម​តម្រូវការ​និងបរិបទ​របស់​កម្ពុជា​ផងដែរ៕

你可能还喜欢