អ្នកនាំពាក្យនាយករដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានតាមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី គឺដើម្បីផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងមិនមានប្រើថវិកាជាតិឡើយ

ប្រធាន​ក្រុមអ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក មាស សុភ័ណ្ឌ បានឱ្យដឹងថា ការចំណាយ​ថវិកា​ផ្សព្វផ្សាយ​ព័ត៌មាន​តាមបណ្តាញ​​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក (Facebook) របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា គឺក្នុង​គោលបំណង​រុញព័ត៌មាន​នានា​ឱ្យដល់ដៃ​ប្រជាពលរដ្ឋ​និងឱ្យកាន់តែ​​ទូលំ​ទូលាយ ដោយមិនមាន​ប្រើប្រាស់​ថិវកា​ជាតិឡើយ។

ការលើកឡើង​របស់​ក្រុមអ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​កម្ពុជា គឺជា​ការឆ្លើយតប​ទៅនឹង​បណ្តាញ​សារព័ត៌មាន​ក្រៅស្រុក ដែលបានផ្សាយ​ពីរបាយការណ៍​របស់​ក្រុមហ៊ុន​ Meta​ ដោយបាន​លើកឡើងថា គិតចាប់ពី​ខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចំណាយ​ថវិកា​ជាង ១,៥ លាន​ដុល្លារអាម៉េរិក​ក្នុងការ​ផ្សាយព័ត៌មាន​តាមហ្វេសប៊ុក។

ក្រុមហ៊ុន Meta បានផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​អ្នកបង់លុយ​ដើម្បី​ផ្សព្វផ្សាយ​លើទំព័រ​ហ្វេសប៊ុក ចាប់ពី​ខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។ របាយការណ៍​នេះបានបង្ហាញថា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចំណាយ​ថវិកា​ជាង ១,៥ លានដុល្លារ​ដើម្បី​ផ្សព្វផ្សាយ​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​នូវសកម្មភាព​ការងារ​ដឹកនាំ​ប្រទេស សកម្មភាព​ប្រចាំថ្ងៃ បទចម្រៀង និង សារនយោបាយ។

លោក មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា ការចំណាយ​ថវិកា​សម្រាប់​​ការ​ផ្សាយ​​ព័ត៌មាន​​របស់​សម្តេចធិបតី មិនមែន​ទើបតែ​កើតមាន​នាពេល​បច្ចុប្បន្ន​នេះទេ ពោលគឺ​បានធ្វើ​ជាយូរ​មកហើយ។ ទន្ទឹមនឹងនេះ ការចំណាយ​ថវិកាផ្សាយព័ត៌មាន​លើបណ្តាញ​ទំនាក់ទំនង​សង្គម គឺមិនមាន​អ្វីខុសពី​មេដឹក​នាំ​​នានា​​លើពិភពលោក ក៏ដូចជា​អ្នកធ្វើ​ធុរកិច្ច​ឡើយ។ ម្យ៉ាងទៀត ថវិកា​ដែលបាន​​ចំណាយ​​លើការ​​ផ្សាយនេះ មិនមែន​ជាថវិកាជាតិ​នោះឡើយ ហើយការ​ផ្សព្វផ្សាយ​នេះទៀតសោត ក៏ពុំមែន​ជាការ​ធ្វើប្រជាភិថុតិ​ដូចការ​ចោទប្រកាន់​ដែរ។ លោកបាន​ចាត់ទុក​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹងការ​ចំណាយ​ថវិកា​លើការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាមបណ្តាញ​សង្គម​របស់​សម្តេច​នាយករដ្ឋមន្ត្រី គឺបាន​បង្កប់នូវ​ចេតនា​ទុច្ចរិត ដែលនាំឱ្យ​ប្រជាជន​មានការ​យល់ច្រឡំ​មក​លើ​រាជរដ្ឋាភិបាល ក្នុងគោលបំណង​ដើម្បី​តែបម្រើ​ផលប្រយោជន៍​នយោបាយ​របស់​ពួកគេ​តែប៉ុណ្ណោះ៕

你可能还喜欢