សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សុខភាពនិងសុខុមាលភាពពលរដ្ឋ ជាអាទិភាពចម្បងនៃគោលនយោបាយរាជរដ្ឋាភិបាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធិបតីថ្លែងអះអាងបែបនេះ នាឱកាសដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្តេចធិបតីបានថ្លែងថា ចាប់តាំងពីដើមអណត្តិ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹងនិងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាពនិងពេទ្យបង្អែកស្រុកទូទាំងប្រទេស។ ដើម្បីសម្រេចគោលដៅនេះ ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមក រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖
១. បានជ្រើសរើសបុគ្គលិកសុខាភិបាលចំនួន ៧០០ នាក់ក្នុងឆ្នាំ២០២៤ និងត្រូវជ្រើសរើសជាង ៦៥០ នាក់បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស ដើម្បីជួយបង្កើនប្រសិទ្ធភាពនិងសមត្ថភាពរបស់មណ្ឌលសុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ ម៉ោង / ២៤ ម៉ោងនៅពេលអនាគត។
២. បានទម្លាក់ថវិកាបន្ថែមជាង ៣០ ប៊ីលានរៀល (ប្រមាណ ៧,៥ លានដុល្លារអាម៉េរិក) នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨ លានដុល្លារនៅឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមនិងទឹកនោមផ្អែម ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយការចំណាយពេលវេលានិងថវិកា ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ។
៣. បានសម្រេចផ្ដល់ថវិកាជាង ១៨ លានដុល្លារក្នុងឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់និងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្តឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រៅពីសមិទ្ធផលដែលបានរៀបរាប់ខាងលើ រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានសម្រេចនូវសមិទ្ធផលធំៗផ្សេងទៀតជាច្រើន ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ ក្នុងការពង្រឹងនិងលើកកម្ពស់វិស័យសុខាភិបាលនៅគ្រប់កម្រិតក្នុងប្រទេសកម្ពុជា៕
评论被关闭。