ក្រសួងមហាផ្ទៃចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងដ្រូន បុគ្គលដែលពុំគោរពតាមលក្ខខណ្ឌកំណត់ ត្រូវប្រឈមមុខនឹងច្បាប់ជាធរមាន

ក្រសួង​មហាផ្ទៃ​កម្ពុជា​បានចេញ​ប្រកាស​អន្តរ​ក្រសួង ស្តីពី​ការគ្រប់គ្រង​អាកាសយាន​គ្មានមនុស្សបើក (Drone ដ្រូន) ដើម្បី​កំណត់​អំពី​ការគ្រប់គ្រង​ទិន្នន័យ តំបន់​ហាមឃាត់ និង ការប្រើប្រាស់​ដ្រូន ព្រមទាំង​កំណត់​អំពី​វិធានការ​សន្តិសុខ​ក្នុងការ​ប្រើប្រាស់ដ្រូន ដើម្បី​ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គមនៅក្នុង​ប្រទេស​កម្ពុជា។

យោងតាម​សេចក្តី​ប្រកាស​អន្តរ​ក្រសួង ដែលរួមមាន​ក្រសួង​មហាផ្ទៃ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង ទេសាទ និង រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ប្រកាស​អន្តរក្រសួងនេះ​មានវិសាលភាព​អនុវត្ត​ចំពោះ​ដ្រូនដែលអាច​ផ្ទុកទម្ងន់​ចាប់ពី ២ គីឡូក្រាមឡើង លើកលែង​តែដ្រូនដែលប្រើប្រាស់​សម្រាប់បម្រើ​ឱ្យវិស័យ​ការពារជាតិ​និងសន្តិសុខជាតិ ដែលត្រូវ​កំណត់ដោយ​លិខិតបទដ្ឋាន​គតិយុត្តដោយឡែក។

ចំពោះ​ការគ្រប់គ្រង​ទិន្នន័យ​និងការ​ប្រើប្រាស់ បុគ្គល​ដែលកំពុង​គ្រប់គ្រង កាន់កាប់ ឬ ប្រើប្រាស់​ដ្រូន ត្រូវធ្វើ​ស្វ័យប្រកាស​ទិន្នន័យ​ដ្រូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ នៃទីកន្លែង​ដែលដ្រូនស្ថិតនៅ។ ការធ្វើ​ស្វ័យប្រកាសទិន្នន័យ​ដ្រូន​ដែលកំណត់ក្នុង​ប្រកាស​អន្តរ​ក្រសួង​នេះ មិនតម្រូវ​ឱ្យបង់​កម្រៃ​សេវា​ឡើយ។

ចំពោះ​លក្ខខណ្ឌ​និងបម្រាម​នៃការ​បង្ហោះ​ដ្រូន អ្នកគ្រប់គ្រង កាន់កាប់ ឬ ប្រើប្រាស់​ត្រូវគោរព​លក្ខខណ្ឌ​ដូចខាងក្រោម៖

  • ត្រូវមាន​អាយុ​ចាប់ពី ១៨ ឆ្នាំឡើងទៅ
  • ត្រូវបង្ហោះ​ក្នុងចន្លោះ​ចាប់ពី​ម៉ោង ៦ ព្រឹក​ដល់ម៉ោង ៦ ល្ងាច។ ក្នុងករណី​ខុសពី​ម៉ោងនេះ ត្រូវមាន​ការអនុញ្ញាត​ដោយឡែក
  • ត្រូវយល់ដឹង​ពីការ​ព្យាករ​អាកាសធាតុ​នៅតំបន់​ដែលត្រូវ​បង្ហោះ
  • មិនត្រូវ​បង្ហោះ​សំកាំងឬឆ្វែល​ពីលើ​ទីតាំង​ឯកជន លើកលែង​តែមាន​ការអនុញ្ញាត​ពីម្ចាស់​ទីតាំងនោះ
  • មិនត្រូវ​ថតរូប ថតសំឡេង ឬ ថតវីដេអូ ដោយគ្មាន​ការអនុញ្ញាត​ឡើយ លើកលែង​តែការថត​នោះមិនសំដៅ​ដល់ការ​កំណត់​អត្តសញ្ញាណ​ជនណាម្នាក់ ឬក្រុម​ជាក់លាក់​ណាមួយ
  • មិនត្រូវ​បង្ហោះ​ពីលើ​ក្រុមមនុស្ស លើកលែង​តែមានការ​អនុញ្ញាត​ដោយឡែក
  • មិនត្រូវ​បង្ហោះ​ពីលើ​ហ្វូងសត្វ លើកលែង​តែមានការ​អនុញ្ញាត​ដោយឡែក
  • មិនត្រូវ​បង្ហោះ​ពីលើ​រាល់ទីតាំង​ដែលមាន​ឧបទ្ទវហេតុ​ អគ្គីភ័យ រលំអគារ ធ្លាក់យន្តហោះ គ្រោះថ្នាក់​ចរាចរណ៍ ឬ ឧបទ្ទវហេតុ​ផ្សេងៗទៀត ដែលកំពុង​ស្ថិតនៅ​ក្នុងប្រតិបត្តិការ​សង្គ្រោះ​របស់​សមត្ថកិច្ច លើកលែង​តែមានការ​អនុញ្ញាត​ពីសមត្ថកិច្ច​គ្រប់គ្រង​ប្រតិបត្តិការ​នោះ
  • មិនត្រូវ​បង្ហោះ​ពីលើ​ឬនៅក្បែរ​តំបន់​កំពុង​ប្រតិបត្តិការ​របស់​សមត្ថកិច្ច
  • មិនត្រូវ​បង្ហោះ​បដាផ្សព្វផ្សាយ​ឬបាចខិតបណ្ណ​ឃោសនា​ផ្សេងៗ លើកលែង​តែមានការ​អនុញ្ញាត​ដោយឡែក
  • មិនត្រូវ​បង្ហោះ​ដ្រូនជាក្រុម​ចាប់ពី ៥ គ្រឿង​ឡើងទៅ លើកលែង​តែមានការ​អនុញ្ញាត​ដោយឡែក
  • ត្រូវទទួល​ខុសត្រូវ​ព្យសនកម្ម​ចំពោះ​សកម្មភាព​របស់ខ្លួន
  • មិនត្រូវ​បង្ហោះ​ក្នុងរង្វង់ ៥០០ ម៉ែត្រ​ពីអាកាសយាន​ដែលកំពុង​ហោះហើរ​គ្រប់ប្រភេទ
  • មិនត្រូវ​បង្ហោះ​ក្នុងតំបន់​ហាមឃាត់
  • មិនត្រូវ​បង្ហោះ​ក្នុងរង្វង់ ១០០ ម៉ែត្រ​ពីនាវា កប៉ាល់ ឬ កាណូត​ឯកជន លើកលែង​តែមាន​ការអនុញ្ញាត​ពីអាជ្ញាធរ​មានសមត្ថកិច្ច
  • មិនត្រូវ​ដឹកជញ្ជូន​សារធាតុ​មានគ្រោះថ្នាក់​គ្រប់ប្រភេទ
  • មិនត្រូវ​បង្ហោះ​ស្ថិតក្រោម​ស្ថានភាព​ស្រវឹង ឬក្រោម​ឥទ្ធិពល​នៃគ្រឿងញៀន។

ក្នុងករណី​អ្នកគ្រប់គ្រង កាន់កាប់ ឬ អ្នកប្រើប្រាស់ដ្រូន មិនគោរព​លក្ខខណ្ឌ​ទាំងនេះ នឹងត្រូវ​អាជ្ញាធរ​មានសមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវច្បាប់​ជាធរមាន។

សេចក្តី​ប្រកាសនេះ​ក៏បានបញ្ជាក់ពី​ទីតាំង​មួយចំនួន​ដែលត្រូវបាន​ចាត់ទុក​ជាតំបន់​ហាមឃាត់​ក្នុងការ​បង្ហោះ​ដ្រូន លើកលែង​តែមានការ​អនុញ្ញាត​ពីសាមី​ស្ថាប័ន​ឬម្ចាស់ទីតាំង ដែលទីតាំង​ទាំងនោះ​រួមមាន ព្រះបរមរាជវាំង ស្ថាប័នរដ្ឋ មន្ទីរពេទ្យ សាលារៀន និង ផ្សារ ពហុកីឡដ្ឋាន តំបន់​រមណីយដ្ឋាន​អង្គរ​និងបរិវេណ​ប្រាសាទ លំនៅដ្ឋាន​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង លំនៅដ្ឋាន​នាយករដ្ឋមន្ត្រី និវេសនដ្ឋានទូត ស្ថានទូត អគ្គកុងស៊ុល និង អង្គការ​អន្តរជាតិ មូលដ្ឋាន​យោធានិងមូលដ្ឋាន​នគរបាលជាតិ ទីតាំង​ឬឃ្លាំងស្តុក​សារធាតុ​ងាយឆេះឬងាយ​ផ្ទុះឆេះ ស្ថានីយវិទ្យុ ស្ថានីយទូរទស្សន៍ រោងចក្រ​ចម្រាញ់​ប្រេង ឧស្ម័ន រ៉ែ រោងចក្រ​អគ្គិសនីនិងអនុស្ថានីយ​អគ្គិសនី។ តំបន់​ហាមឃាត់​ផ្សេងទៀត​នៃការបង្ហោះ​ដ្រូន ត្រូវកំណត់​ដោយ​ប្រកាស​អន្តរ​ក្រសួង​រវាង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងរដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។

ទន្ទឹមនឹងនេះ ការបង្ហោះ​ដ្រូនមិនត្រូវ​បង្ហោះលើសកម្ពស់ ១២០ ម៉ែត្រ​គិតចាប់ពី​ផ្ទៃដី​ឬផ្ទៃទឹក លើកលែង​តែមានការ​អនុញ្ញាត​ពីរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។

មិនអនុញ្ញាត​ឱ្យបង្ហោះ​ក្នុងបរិវេណ​រង្វង់ ៣ គីឡូម៉ែត្រ​និងកម្ពស់​មិនឱ្យលើស​ ៩០ ម៉ែត្រ​ពីរបង​នៃអាកាសយានដ្ឋាន​ស៊ីវិល និងអាកាសយានដ្ឋាន​យោធា​ឡើយ។

បុគ្គល​ដែលគ្រប់គ្រង កាន់កាប់ ឬ ប្រើប្រាស់​ដ្រូន ដែលពុំគោរព​តាមបទប្បញ្ញត្តិ​ដែលមាន​ចែងក្នុង​ប្រកាស​អន្តរ​ក្រសួង​នេះ នឹងត្រូវទទួល​ទណ្ឌកម្ម​តាមច្បាប់និងលិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន៕

你可能还喜欢

评论被关闭。