រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៦០ លានដុល្លារ ពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅខេត្ត ៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បានឱ្យដឹងថា រាជរដ្ឋាភិបាល​​សម្រេច​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ ៦០ លាន​ដុល្លារអាម៉េរិក ដើម្បី​វិនិយោគ​លើការ​ពង្រីកបណ្តាញ​ទឹកស្អាត​ផ្គត់ផ្គង់​ជូនប្រជាពលរដ្ឋក្នុងខេត្ត​ចំនួន ៥។

សម្តេចធិបតី​បានថ្លែងឱ្យដឹង​ក្នុងឱកាស​ដឹកនាំ​សន្និបាត​បូកសរុប​សកម្មភាព និងលទ្ធផល​ការងារ​ចុះមូលដ្ឋាន​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្ដេច​បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់​ទឹកស្អាត​ជូនប្រជាពលរដ្ឋ ជាកិច្ចការ​មួយដែល​រាជរដ្ឋាភិបាល​បានយកចិត្ត​ទុកដាក់​ខ្លាំងជាច្រើន​អាណត្តិ​មកហើយ ។ ជាលទ្ធផល រាជរដ្ឋាភិបាល​បានកសាង​បណ្ដាញ​ទឹកស្អាត ដែលគ្រប​ដណ្ដប់​តំបន់​ជាច្រើន​នៅតាម​បណ្ដា​រាជធានី-ខេត្ត​នៅទូទាំង​ប្រទេស។

ទោះជា​យ៉ាងនេះ​ក៏ដោយ ដោយសារចំនួន​​ប្រជាពលរដ្ឋ​បន្ត​កើនឡើង​ពីមួយឆ្នាំ​ទៅមួយឆ្នាំ ធ្វើឱ្យ​តម្រូវការ​ផ្គត់ផ្គង់​ទឹកស្អាត​កាន់តែ​មានច្រើន​ឡើងជាលំដាប់ ជាពិសេស​នៅតំបន់​ជនបទ​និងតំបន់​ដែលកកើត​ថ្មីៗ​ជុំវិញ​ទីក្រុង​និងទីប្រជុំជន​ធំៗ។ ដើម្បី​ឆ្លើយតប​នឹងការ​កើនឡើង​នៃតម្រូវការ​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​បានធ្វើការ​វិនិយោគ​ជាបន្តបន្ទាប់ ក្នុង​ការបង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​ផ្តល់ជូន​ប្រជាពលរដ្ឋ។

សម្តេចធិបតីបានឱ្យដឹងទៀតថា ថ្មីៗនេះ រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់ថវិកា​ចំនួន ៦០ លាន​ដុល្លារ​ក្នុងរយៈពេល ៣ ឆ្នាំ តាមសំណើ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ សម្រាប់​ធ្វើការ​វិនិយោគ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត​និងបណ្ដាញ​ទឹកស្អាត ដើម្បី​ផ្គត់ផ្គង់​ជូនប្រជាពលរដ្ឋ​នៅ ៥ ខេត្ត រួមមាន៖ រដ្ឋករទឹកកំពត ខេត្តកំពត រដ្ឋករទឹក​ស្វាយរៀង ខេត្តស្វាយរៀង រដ្ឋករទឹកស្ទឹងសែន ខេត្តកំពង់ធំ រដ្ឋករទឹកមណ្ឌលគិរី ខេត្តមណ្ឌលគិរី និង រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​នឹងបន្ត​កិច្ចការងារ​នេះជា​ជំហានៗ រហូតដល់​បណ្ដាញ​ទឹកស្អាត​មានលទ្ធភាព​គ្របដណ្តប់​ទូទាំង​ប្រទេស​នៅថ្ងៃ​អនាគត៕

你可能还喜欢