កម្ពុជា-អូស្ត្រាលីបង្កើនកិច្ចសហការជំរុញទីផ្សារកសិផលកម្ពុជាទៅអូស្ត្រាលី

នារសៀល​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា​និងអូស្ត្រាលីបានចុះ​អនុស្សរណៈ​នៃការ​យោគយល់គ្នា​ចំនួន ៥ ដើម្បី​ជំរុញ​ទីផ្សារ​នាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ប្រទេស​អូស្ត្រាលី។

ពិធី​ចុះ​អនុស្សរណៈ​នៃការ​យោគយល់គ្នានេះ ធ្វើឡើង​ក្រោមអធិបតីភាព​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ក្នុងឱកាស​ដែលលោកស្រី​បំពេញ​ទស្សនកិច្ច​នៅប្រទេស​អូស្រ្តាលី និងមានការ​ចូលរួម​ពីមន្រ្តី​ក្រសួង​កិច្ចការ​បរទេស​និងពាណិជ្ជកម្ម​អូស្ត្រាលី តំណាង​ក្រុមហ៊ុន​កម្ពុជា​និងអូស្រ្តាលី។

ការចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា​ចំនួន ៥ នេះ ធ្វើឡើង​រវាង​វិស័យ​ឯកជន​កម្ពុជា​និងអូស្ត្រាលី ដើម្បី​ជំរុញ​ទីផ្សារ​នាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​អូស្ត្រាលី ដោយផ្តោត​ជាពិសេស​លើការ​នាំចេញ​អង្ករ​និងគ្រាប់ស្វាយចន្ទី រួមមាន៖ (១) ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង Green Group Pty. Ltd (២) ក្រុមហ៊ុន Khmer Foods Group Co., Ltd និង MarketPlace Fresh Pty Ltd (៣) ក្រុមហ៊ុន Mirarth Agri Tech និង MarketPlace Fresh Pty Ltd (៤) ក្រុមហ៊ុន Mirarth Agri Tech និង Omara Import & Export និង (៥)​ ក្រុមហ៊ុន Mirarth Agri Tech និង Balha Sweets។

លោកស្រី ចម និម្មល បានបង្ហាញ​នូវសុទិដ្ឋិនិយម​ចំពោះ​កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ក្នុងការ​នាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​អូស្ត្រាលី ដែលនឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​និងអភិវឌ្ឍ​ពាណិជ្ជកម្ម​និងសេដ្ឋកិច្ច​របស់​កម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រី​ក៏បាន​បង្ហាញនូវ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ដែលមាន​ទំហំ​ធំជាងគេ​បំផុត​ក្នុងពិភពលោក ដើម្បី​ឱ្យតំណាង​វិស័យ​ឯកជន​អូស្ត្រាលីជួយផ្សព្វផ្សាយ និងជំរុញ​ការនាំចេញ​បន្ថែមទៀត​៕

你可能还喜欢

评论被关闭。