លោក ជា វុទ្ធី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន ១៨ ក្រុមហ៊ុន

នាព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​ចិនចំនួន ១៨ មកពី​ទីក្រុងនីងប៉ (Ningbo) ខេត្តជឺជាំង (Zhejiang) សាធារណរដ្ឋ​ប្រជាមានិតចិន ដឹកនាំដោយ​លោកស្រី លូ ជឺឈាង (Lu Zhiqiong) អគ្គនាយក​ធនាគារ នីងប៉ ប្រទេសចិន នៅទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រាជធានី​ភ្នំពេញ។

ជំនួបនេះ​បានធ្វើឡើង​តាមរយៈ​លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ កាណាឌីយ៉ា។

ក្រុមហ៊ុនចិនទាំង ១៨ នេះ មានកម្មវត្ថុ​អាជីវកម្ម​ក្នុងវិស័យ​កែច្នៃ​កៅស៊ូ ផលិត​សម្ភារៈ​បរិក្ខារពេទ្យ សម្ភារៈ​ឆ្លាតវៃ​ប្រើប្រាស់​ក្នុងផ្ទះ សម្លៀកបំពាក់ និង ធនាគារ។ល។

ជាកិច្ចចាប់ផ្តើម លោក ជា វុទ្ធី បានវាយ​តម្លៃខ្ពស់​ចំពោះ​ការវិនិយោគ​របស់​ចិននៅក្នុង​ប្រទេស​កម្ពុជា និងបាន​លើកទ្បើង​ពីសក្តានុពល​ក្នុងវិស័យ​ឧស្សាហកម្ម កម្មន្តសាល ការកែច្នៃ​ផលិតផល ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និង វិស័យ​កសិកម្ម កសិ-ឧស្សាហកម្ម។ ជាពិសេស កម្ពុជា​មានដំណាំ​យុទ្ធសាស្ត្រ​ជាច្រើន រួមមាន​ស្រូវ ដំទ្បូងមី និង ស្វាយចន្ទី​ជាដើម ដែលទាមទារ​ឱ្យមាន​ការវិនិយោគ​កែច្នៃ​ក្នុងស្រុក ដើម្បី​បង្កើត​តម្លៃ​បន្ថែម​។ លោកក៏បាន​ជំរុញ​ឱ្យវិនិយោគិន​ធ្វើការ​គិតគូរ ក្នុងការ​បង្កើត​ខ្សែចង្វាក់​ផលិតកម្ម​ក្នុងវិស័យ​កសិកម្ម ជាពិសេស​ការកែច្នៃ​ស្វាយចន្ទី​ដែលជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

ទន្ទឹមនឹងនេះ លោកក៏បាន​ជម្រាបជូន​គណៈប្រតិភូ​ពីស្ថានភាព​វិនិយោគ​នៅកម្ពុជា ច្បាប់និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹងការវិនិយោគ​ដែលបើកចំហ មានតម្លាភាព និង អាចប៉ាន់​ប្រមាណ​ទុកជាមុនបាន ព្រមទាំង​ការលើក​ទឹកចិត្ត​នានាផងដែរ។

ជាការ​ឆ្លើយតប លោកស្រី លូ ជឺឈាង បានបង្ហាញនូវ​សុទិដ្ឋិនិយម​ចំពោះ​ភាពរីកចម្រើន​របស់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា។ លោកស្រី​សង្ឃឹមថា តាមរយៈ​ជំនួប​លើកនេះ នឹងធ្វើឱ្យ​ក្រុមហ៊ុន​​មានចំណាប់​អារម្មណ៍​កាន់តែខ្លាំង​ក្នុងការ​គិតគូរ​មកបណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា៕

你可能还喜欢