ព្រះមហាក្សត្រកម្ពុជា កោតសរសើរចំពោះសម្តេច ហ៊ុន សែន និង ហ៊ុន ម៉ាណែត ក្នុងកិច្ចការព្រះពុទ្ធសាសនា

នាព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ  នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជា​ព្រះរាជាធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជ​ពិធី​សម្ពោធ​មហាកុដិ​សម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថាន​ស្រាវជ្រាវ​និងអភិរក្ស​សាស្រ្តា​ស្លឹករឹតខ្មែរ ព្រមទាំង​សមិទ្ធិផល​នានា ស្ថិតក្នុង​វត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មានព្រះរាជ​បន្ទូល​ក្នុងព្រះរាជពិធីនេះ ព្រះអង្គ​បានកោតសរសើរ​និងចាត់ទុក​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន​ជាប្រធាន​ព្រឹទ្ធសភា​កម្ពុជា និងជា​ប្រធាន​ក្រុមឧត្ដមប្រឹក្សា​ព្រះមហាក្សត្រ ជាស្ថាបនិក​ដ៏អស្ចារ្យ ប៉ិនប្រសប់ និង ឈ្លាសវៃ ​ដែលធ្វើឱ្យ​ព្រះពុទ្ធសាសនានិងវត្តអារាម​មានព្រលឹងរស់ឡើងវិញ នាំឱ្យមាន​សន្តិភាព ស្ថិរភាព ដូចបាវចនាជាតិ​បច្ចុប្បន្ន ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសនោះ​ផងដែរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ  នរោត្តម សីហមុនី ក៏បាន​មានព្រះរាជបន្ទូល​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំ​ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា មានភាព​ឈ្លាសវៃនិងគោលនយោបាយ​សមស្រប ទទួលបាន​ការរីកចម្រើន​និងស្ថិរភាព​សង្គម​ល្អប្រសើរ និងបានការពារ​មិនឱ្យ​មានបុគ្គល​ណាមួយ​ប្រមាថ​ចំពោះ​ឬប្រទូសរ៉ាយ​ចំពោះ​ព្រះពុទ្ធសាសនា នៅក្នុង​សម័យកាល​សន្តិភាពនេះ។

ព្រះពុទ្ធសាសនា​ត្រូវបាន​ការពារ​ដោយច្បាប់​។ ក្នុងនោះ រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា ៤៣ កថាខណ្ឌ​ទី៣បានចែងថា ព្រះពុទ្ធសាសនា​ជាសាសនា​របស់រដ្ឋ។ ក្រមព្រហ្មទណ្ឌ​កម្ពុជា​ក៏បាន​ការពារ​ដល់សាសនា​របស់រដ្ឋ​ផងដែរ ដោយក្នុង​មាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ​បានចែងថា ការប្រមាថ​ចំពោះ​ព្រះសង្ឃ ដូនជី និង តាជី អាចប្រឈមនឹង​ការដាក់ទោស​ពន្ធនាគារ​ពី ១ ថ្ងៃទៅ ៦ ថ្ងៃ និងពិន័យ​ជាប្រាក់​ពី ១ ០០០ រៀលដល់ ១០ ម៉ឺនរៀល។

រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួង​ធម្មការ​និងសាសនា​ជាសេនាធិការ កំពុង​រៀបចំ​ច្បាប់ស្ដីអំពី​សិទ្ធិ​សេរីភាព​ជំនឿ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា សំដៅ​ថែរក្សា​សណ្ដាប់ធ្នាប់​និងសន្ដិសុខ​សង្គម ទាក់ទងនឹង​ជំនឿ​លើសាសនា ព្រលឹង វិញ្ញាណ​ជាដើម។ ច្បាប់នេះ​អាចនឹង​ចេញនៅក្នុង​ឆ្នាំ២០២៥នេះ។

គិតត្រឹម​ឆ្នាំ២០២៤ ប្រទេស​កម្ពុជា​មានវត្តអារាម​ចំនួន ​៥​ ១៤៦ វត្ត ដោយក្នុងនោះ​គណៈ​មហានិកាយ​ មាន​ចំនួន៤ ​៨៧៦ វត្ត និងគណៈ​ធម្មយុត្តិ​កនិកាយ​មានចំនួន ២៧២ វត្ត​។ ប្រទេស​កម្ពុជា​មានព្រះសង្ឃ​សរុប ៧១ ១៧៤ អង្គ​ ក្នុងនោះ​គណៈ​មហានិកាយ​​មានព្រះសង្ឃ ៦៨ ៦៥៩ អង្គ៕

你可能还喜欢