សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ សភាសហរដ្ឋអាម៉េរិក

នារសៀល​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភា​សហរដ្ឋអាម៉េរិក នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

សមាសភាព​នៃគណៈប្រតិភូ​សភា​សហរដ្ឋអាម៉េរិក រួមមានលោក Jimmy Panetta សមាជិក​សភា​ប្រចាំ​រដ្ឋកាលីហ្វ័រញ៉ា​ មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក​ Salud Carbajal​ សមាជិក​សភា​ប្រចាំ​រដ្ឋកាលីហ្វ័រញ៉ា​ មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក​ Darin Lahood សមាជិក​សភា​ប្រចាំ​រដ្ឋអ៊ីលីណយ​​ មកពី​គណបក្ស​សាធារណរដ្ឋ និង សហការី។

ក្នុងឱកាស​នៃជំនួប គណៈប្រតិភូ​សភា​សហរដ្ឋអាម៉េរិក​បានសម្ដែង​នូវការ​កោតសរសើរ ចំពោះ​ការរីកចម្រើន​យ៉ាងឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា និងបាន​វាយតម្លៃខ្ពស់​ចំពោះ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​សហរដ្ឋអាម៉េរិក​និងកម្ពុជា ដោយបាន​កត់សម្គាល់​អំពី​ទំនាក់​ទំនង​កាន់តែ​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លង​មកនេះ ស្របពេល​ដែលឆ្នាំនេះ​ក៏ជា​ខួបទី ៧៥ ឆ្នាំ​នៃទំនាក់​ទំនង​ការទូត​សហរដ្ឋអាម៉េរិក-កម្ពុជា​ផងដែរ។

គណៈប្រតិភូ​សភា​សហរដ្ឋអាម៉េរិក​ក៏បាន​បង្ហាញ​នូវជំនឿ​ជឿជាក់ថា ក្រោមការ​ដឹកនាំ​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា​នឹងមាន​ការអភិវឌ្ឍ​និងរីកចម្រើន​បន្ថែមទៀត។ គណៈប្រតិភូ​ក៏បាន​គូសបញ្ជាក់​អំពី​ការបន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​​សហរដ្ឋអាម៉េរិក​ ឱ្យកាន់តែ​យល់ដឹង​ច្បាស់អំពី​កម្ពុជា ដើម្បី​ជំរុញ​ការពង្រឹង​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ​ក្នុងភាពជា​ដៃគូ​សហរដ្ឋអាម៉េរិក-កម្ពុជា ឱ្យកាន់តែ​រឹងមាំ​បន្ថែម​ទៀត។

ជាការ​ឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវ​ការពេញចិត្ត​និងវាយតម្លៃខ្ពស់​ចំពោះ​ភាពរីកចម្រើន​នៃទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​កម្ពុជា-សហរដ្ឋអាម៉េរិក​ និងបានថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​និងប្រជាជន​សហរដ្ឋអាម៉េរិក​ ដែលបាន​ចូលរួម​គាំទ្រ​ដល់ដំណើរការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា។

សម្ដេចធិបតី​ក៏បាន​គូសបញ្ជាក់​ផងដែរថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភា​សហរដ្ឋអាម៉េរិក​នាឱកាសនេះ ក៏ដូចជា​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ជាញឹកញ៉ាប់ រវាង​មន្ត្រី​ជាន់ខ្ពស់​នៃប្រទេស​ទាំងពីរ​នាពេល​កន្លងមក នឹងចូលរួម​ចំណែក​បន្ថែមទៀត​ក្នុងការ​ជំរុញ​ការពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឱ្យកាន់តែ​រឹងមាំ និងលើកកម្ពស់​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ​ ឱ្យឈានដល់​កម្រិត​ខ្ពស់បន្ថែម​ទៀត។

ក្នុងជំនួប​នេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ​សភា​សហរដ្ឋអាម៉េរិក ក៏បាន​ពិភាក្សា​ពីការ​ពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​ឱ្យកាន់តែ​ល្អប្រសើរ​និងរឹងមាំ​បន្ថែមទៀត លើវិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល ការពារជាតិ​និងសន្តិសុខ និង ​ការបោស​សម្អាតមីន​ជាដើម៕

你可能还喜欢

评论被关闭。