រដ្ឋសភាកម្ពុជាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ២
នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជាបានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៧ និងបានអនុម័តសេចក្តីព្រាង «ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» និងសេចក្តីព្រាង «ច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក»។
សេចក្តីព្រាង «ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ត្រូវបានអង្គរដ្ឋសភាអនុម័តជាឯកច្ឆន្ទក្នុងសំឡេង ១១៥ សំឡេង។
សេចក្តីព្រាងច្បាប់នេះមាន ៧ មាត្រា នឹងទៅជំនួស «ច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ដែលជាច្បាប់ចាស់ ប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។
សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងវិញ បន្ទាប់ពីមានការស្នើសុំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបានគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់។ ក្រសួងយុត្តិធម៌ជាអ្នកពិនិត្យ សិក្សា និង រៀបចំការធ្វើវិសោធនកម្មច្បាប់នេះ ពិសេសគឺការកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។
សេចក្តីព្រាង «ច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក» ក៏ត្រូវបានអង្គរដ្ឋសភាអនុម័តជាឯកច្ឆន្ទក្នុងសំឡេង ១១៥ សំឡេង។
សេចក្តីព្រាងច្បាប់នេះមានចំនួន ៤ ជំពូក និង ១៥ មាត្រា ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និង នីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទំាងនោះ ព្រមទាំងការពារនូវផលប្រយោជន៍របស់ម្ចាស់វត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ដោយវត្ថុចាប់យកនៅក្នុងដំណាក់កាលនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌ មិនទាន់ក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឡើយ។
សេចក្តីព្រាងច្បាប់នេះបានកំណត់យកស្ថាប័នអយ្យការនិងស្ថាប័នតុលាការ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ទៅតាមដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ៕
评论被关闭。