កម្ពុជានិងម៉ាដាហ្កាស្កាបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការធនាគារកណ្តាល

នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិ​នៃកម្ពុជា​និងធនាគារកណ្តាល​នៃប្រទេស​ម៉ាដាហ្កាស្កា បានចុះអនុស្សរណៈ​នៃការ​យោគយល់គ្នា ដើម្បី​បង្កើត​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​រវាង​ធនាគារកណ្តាល​ទាំងពីរ។

ពិធី​ចុះអនុស្សរណៈ​នៃការយោគយល់គ្នា​ទ្វេភាគីនេះ ធ្វើឡើង​នៅរាជធានី​ភ្នំពេញ ដោយមាន​លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា និងលោក Hon. Aivo H. Andrianarivelo ទេសាភិបាល​ធនាគារកណ្តាល​ម៉ាដាហ្កាស្កា​ជាហត្ថលេខី។

ថ្លែងក្នុង​ពិធី​ចុះហត្ថលេខា លោក Hon. Aivo H. Andrianarivelo បានលើកសរសើរ​និងវាយតម្លៃខ្ពស់​ចំពោះ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងប្រព័ន្ធ​ធនាគារ​នៅកម្ពុជា ជាពិសេស​ប្រព័ន្ធ​ទូទាត់​បាគង ព្រមទាំង​ការគរពូន​ទុនបម្រុង​អន្តរជាតិ។ លោកក៏បាន​បង្ហាញនូវ​សុទិដ្ឋិនិយម​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារជាតិ​នៃកម្ពុជា ដែលនឹង​ផ្តល់អត្ថប្រយោជន៍​ដល់ប្រទេស​ទាំងពីរ​ទៅវិញ​ទៅមក ទាំងផ្នែក​សេដ្ឋកិច្ច​និងផ្នែកសង្គម។

ជាការឆ្លើយតប លោកស្រី ជា សិរី បានផ្តល់​បដិសណ្ឋារកិច្ច និងបង្ហាញ​ការស្វាគមន៍​យ៉ាងកក់ក្តៅ​ដល់គណៈប្រតិភូ​ធនាគារ​កណ្តាល​ម៉ាដាហ្កាស្កា ដែលបាន​ចាប់អារម្មណ៍​សិក្សា​ស្វែងយល់​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ធនាគារជាតិ​នៃកម្ពុជា ជាពិសេស​ប្រព័ន្ធ​ទូទាត់​បាគង ខណៈមានប្រទេស​ជាច្រើន​បានមក​សិក្សា​ស្វែងយល់​ពីបទពិសោធន៍​លើការ​អភិវឌ្ឍ​ប្រព័ន្ធ​បាគង និងការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​នានា​ជាច្រើន

លោកស្រី​ក៏បាន​បង្ហាញ​ការតាំងចិត្ត​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យកាន់តែ​ប្រសើរ​ថែមទៀត ជាពិសេស​រំពឹងថា​នឹងអាច​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន​ជាមួយ​ម៉ាដាហ្កាស្កា​នាពេល​ខាងមុខ៕

你可能还喜欢