កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធី សប្ដាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥
កម្មវិធី “សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥” និង “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥” ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សប្តាហ៍គាំពារសង្គម ជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សានិងផ្លាស់ប្តូរទស្សនវិស័យ គោលនយោបាយ ចែករំលែកចំណេះដឹង បទពិសោធ និង ឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គមពីបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកល ជាពិសេសដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជាដល់សាធារណជន ឱ្យជ្រាបកាន់តែច្បាស់។ សម្រាប់ឆ្នាំ២០២៥ នេះ សប្តាហ៍គាំពារសង្គមកម្ពុជា នឹងត្រូវរៀបចំឡើងក្រោមមូលបទ “អភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរទៅតាមហានិភ័យនៃវដ្ដជីវិត”។
“ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥” ដែលជាការធ្វើបច្ចុប្បន្នកម្ម “ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” ក្នុងគោលបំណងធានានិរន្តរភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយបន្តតម្រង់ទិសសម្រាប់រយៈពេល ១១ ឆ្នាំទៅមុខ ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និង វិបត្តិនានា ក៏ដូចជាការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច កត្តាសង្គម និង កត្តាប្រជាសាស្ត្រជាទូទៅ សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន៕
评论被关闭。