កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន- កម្ពុជាឆ្នាំ២០២៥ នៅដើមខែមីនា

កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជាឆ្នាំ២០២៥ នឹងប្រារព្ធឡើង​នៅថ្ងៃទី៥ និងទី៦ ខែមីនា ឆ្នាំ២០២៥ នៅរាជធានី​ភ្នំពេញ ក្រោមអធិបតីភាព​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

កិច្ច​​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជាឆ្នាំ២០២៥ (Cambodia-ASEAN Business Summit 2025) ​ត្រូវបានរៀបចំ​ឡើងក្រោម​​កិច្ច​សហការ​រវាង​សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន-កម្ពុជា ជាមួយ​សភាពាណិជ្ជកម្ម​អន្តរជាតិ សមាគម​ពាណិជ្ជកម្ម​នៅកម្ពុជា​និងអាស៊ាន ក្រោមមូលបទ​សំខាន់ៗ ៣ គឺ ជំរុញ​ការតភ្ជាប់​អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និង ពាណិជ្ជកម្ម។

យោងតាម​សភាពាណិជ្ជកម្ម​កម្ពុជា កិច្ច​​ប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជាឆ្នាំ២០២៥ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោលដៅ​ជំរុញ​សក្តានុពល​អាស៊ាន ដែលកម្ពុជា​គឺជា​ចំណុចស្នូល និង​លើកយក​ប្រធានបទ​សំខាន់ៗ​មកជជែក​ពិភាក្សា រួមមាន​ការកសាង​អនាគត​អាស៊ាន៖ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និង ការតភ្ជាប់​តំបន់ ការជំរុញ​វិបុលភាព​តាមរយៈ​ពាណិជ្ជកម្ម​និងការ​វិនិយោគ និង មូលធន​មនុស្ស៖ គន្លឹះ​ឆ្ពោះ​ទៅកាន់​ការអភិវឌ្ឍ​​ពាណិជ្ជកម្ម​និង​ហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងអំឡុងពេល​នៃកិច្ចប្រជុំ​កំពូល​ធុរកិច្ច ក៏មាន​រៀចំ​ជាជំនួប​ពិភាក្សា​រវាង​ធុរជន​និងតំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល ជំនួប​តាមវិស័យ និង ជំនួប​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​និងក្រុមហ៊ុន​ផងដែរ៕

你可能还喜欢

评论被关闭。