ក្រុមហ៊ុន SpaceX – Starlink ចាត់ទុកកម្ពុជាជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគក្នុងឆ្នាំ២០២៥

ក្រុមហ៊ុន SpaceX – Starlink បានចាត់ទុក​កម្ពុជា​គឺជាគោលដៅ​អាទិភាព​ខ្ពស់សម្រាប់​ការវិនិយោគ​របស់​ក្រុមហ៊ុននៅឆ្នាំ២០២៥ នេះ។

នេះជា​ការលើកឡើង​របស់​លោកស្រី Rebecca Hunter នាយិកា​ទីផ្សារ​ក្រុមហ៊ុន SpaceX – Starlink នាឱកាស​ចូលជួប​សម្តែង​ការគួរសម និងពិភាក្សា​ការងារ​ជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នាព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន​សន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោកស្រី Rebecca Hunter បានជម្រាបជូន​សម្ដេចធិបតី​អំពី​ប្រតិបត្តិការ​សេវាកម្ម​របស់​ក្រុមហ៊ុន SpaceX – Starlink និងបានគូស​បញ្ជាក់ថា កម្ពុជា​គឺជា​គោលដៅ​អាទិភាព​ខ្ពស់សម្រាប់​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅក្នុង​ឆ្នាំ២០២៥ នេះ។ គណៈប្រតិភូ​របស់​លោកស្រី​ក៏នឹង​មានជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ក្នុងឱកាស​នៃដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ផងដែរ។

ជាការឆ្លើយតប សម្ដេចធីបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​ស្វាគមន៍​និងក្ដីសោមនស្ស​រីករាយ​ចំពោះ​ក្រុមហ៊ុន ដែលបាន​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ​ ក៏ដូចជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹងរាជរដ្ឋាភិបាល​កម្ពុជា។ សម្ដេច​ក៏បាន​គូសបញ្ជាក់​អំពី​ការដាក់ចេញ​នូវគោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​ដ៏ឆាប់រហ័ស​នៃបច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ក្រុមហ៊ុន​បន្ត​ផ្សារភ្ជាប់​ទំនាក់​ទំនង និងពិភាក្សា​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ជំរុញ​ការស្វែងរក​ឱកាស​វិនិយោគ​នៅកម្ពុជា៕

你可能还喜欢

评论被关闭。