ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្ដេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា (និវេសនដ្ឋាននៅទីក្រុងបាងកក) នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោកស្រី Orna SAGIV បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងអ៊ីស្រាអែលនិងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-កម្ពុជា។ លោកស្រីក៏បានប្ដេជ្ញាចិត្តបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអ៊ីស្រាអែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៊ីស្រាអែល។ សម្ដេចជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី Orna SAGIV ការផ្សារភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិប្តតិការកម្ពុជា-អ៊ីស្រាអែល នឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
ក្នុងជំនួបនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី Orna SAGIV ក៏បានពិភាក្សាគ្នាក្នុងការជំរុញការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង បច្ចេកវិទ្យាជាដើម។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់លោកស្រីឯកអគ្គរដ្ឋទូត បន្តធ្វើការឱ្យបានជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕