មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាម៉េរិកប្រចាំប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

តបតាម​ការអញ្ជើញ​របស់លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា លោក រ៉ូណាល់ ខ្លាក (Ronald P. Clark) មេបញ្ជាការ​កងទ័ព​ជើងគោក​សហរដ្ឋអាម៉េរិក​ប្រចាំ​ប៉ាស៊ីហ្វិក (USARPAC) នឹងមក​បំពេញ​ទស្សនកិច្ចផ្លូវការ​នៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងទ័ព​ជើងគោក​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឱកាស​នៃដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជា លោក រ៉ូណាល់ ខ្លាក នឹងអញ្ជើញ​ចូលជួប​សម្តែងការ​គួរសម​ជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងជួបពិភាក្សា​ការងារ​ជាមួយ​លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ព្រមទាំង​ជួបជាមួយ​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃកងយោធពល​ខេមរភូមិន្ទកម្ពុជា។

លោក រ៉ូណាល់ ខ្លាក ក៏នឹង​មានជំនួប​ទ្វេភាគី​ជាមួយ​លោក ម៉ៅ សុផាន់ នៅទីបញ្ជាការ​ដ្ឋានកងទ័ពជើងគោក។ ភាគី​ទាំងពីរ​នឹងពិភាក្សា​ស៊ីជម្រៅក្នុងគោលបំណង​ពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា សំដៅ​កសាង​ទំនុកចិត្ត​និងការ​ជឿជាក់​ក្នុងវិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក រ៉ូណាល់ ខ្លាក នាពេលនេះ គឺស្របពេលខួបលើកទី ៧៥ នៃទំនាក់​ទំនង​ការទូត​ប្រទេស​ទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ហើយនេះក៏ជា​លើកទីពីរ​ដែរដែលមេបញ្ជាការ​កងទ័ព​ជើងគោក​សហរដ្ឋអាម៉េរិក​ប្រចាំប៉ាស៊ីហ្វិក បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅកម្ពុជា ដែលលើកទីមួយ​គឺដឹកនាំ​ដោយលោក វីនសេន ប៊្រុក (Vincent Brooks) កាលពីឆ្នាំ២០១៤៕

你可能还喜欢

评论被关闭。