កម្ពុជា-ចិនរៀបចំពិធីផ្លាស់ប្ដូរវប្បធម៌ ពិព័រណ៍រូបភាពនិងអាហារ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

នារសៀល​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា​និងចិន​បានរួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​ផ្លាស់ប្ដូរ​វប្បធម៌ និងពិព័រណ៍រូបភាព និងការភ្លក្ស​ម្ហូបអាហារ​របស់​ទីក្រុង​ប៉េកាំង ក្រោមប្រធានបទ “សួស្ដីប៉េកាំង” នៅអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ ខេត្តសៀមរាប។

កម្មវិធី​នេះមាន​ការចូលរួម​ពីលោក អ៊ីន លី (Yin Li) សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនីស្ដ​ចិន លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា លោក ប្រាក់ សោភ័ណ អភិបាល​ខេត្តសៀមរាប និង ថ្នាក់ដឹកនាំ​និងប្រតិភូ​នៃប្រទេស​ទាំងពីរ​ជាច្រើនរូបទៀត។

ថ្លែងក្នុង​ពិធីនោះ លោក វ៉ាង វិនពីន បានលើកឡើងថា រយៈពេល​ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ក្រោមកិច្ច​ទំនាក់​ទំនង​ល្អរវាង​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​និងចំណង​មិត្តភាព​កាន់តែ​ល្អប្រសើរ​ឡើងជាបន្ត​បន្ទាប់។ ចំពោះ​ការដឹកនាំ​ប្រតិភូ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្សកុម្មុយនីស្ដ​ចិន​មកកាន់​កម្ពុជា​នាពេលនេះ ក៏ជា​ប្រវត្តិសាស្ត្រ​ថ្មីមួយ​បន្ថែមទៀត​សម្រាប់​ប្រទេស​ទាំងពីរ លើការ​បង្កើន​ទំនាក់​ទំនង​និងពង្រឹង​បន្ថែម​លើការងារ​នយោបាយ​ថែមទៀតផង។

លោកស្រី ជា សិរី បានមាន​ប្រសាសន៍ថា កម្ពុជា-ចិន​បានមាន​ទំនាក់​ទំនង​ការទូត​ជាមួយគ្នា​អស់រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ ហើយទំនាក់​ទំនង​នេះកាន់តែ​ស្អិតល្មួត​ទ្វេឡើង ជាពិសេស​នៅក្នុងរយៈពេល ៣០ ឆ្នាំ​ចុងក្រោយនេះ ដោយមិត្តចិន​បានរួមចំណែក​យ៉ាងធំធេង​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​កម្ពុជា តាមរយៈ​ការផ្តល់​ជំនួយ​ឥតសំណង កម្ចីសម្បទាន ដើម្បី​គាំទ្រ​ដល់វិស័យ​អាទិភាព​សំខាន់ៗ​ជាច្រើន​ទៅតាម​តម្រូវការ​របស់​កម្ពុជា ពិសេស​ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត ដូចជា​ផ្លូវ ស្ពាន និង បណ្តាញ​អគ្គិសនី​ជាដើម។

លោកស្រី​បានមាន​ប្រសាសន៍​បន្ថែម​ទៀតថា ក្នុងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ ក៏មាន​គម្រោង​ធំៗ​មួយចំនួន​ដូចជា ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ និង គម្រោង​ផ្លូវល្បឿនលឿន​ភ្នំពេញ-បាវិត ផ្លូវល្បឿនលឿន​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏នឹង​អាចលេចចេញ​ជារូបរាង​នៅក្នុង​ពេលខាងមុខ​នេះដែរ ដែលគម្រោង​ទាំងនេះ​នឹងជួយ​លើកកម្ពស់​ការតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ជាតិឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត។

លោក អ៊ីន លី បានបង្ហាញ​នូវក្ដីសោមនស្ស​រីករាយ​ដែលបានមក​ដល់ប្រទេស​កម្ពុជា ជាពិសេស​ទឹកដី​ខេត្តសៀមរាប ដែលជា​តំបន់​បុរាណ​របស់​កម្ពុជា ដែលមាន​សម្បត្តិ​វប្បធម៌​ជាច្រើន​សម្រាប់​ទាក់ទាញ​វត្តមាន​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​ ហើយក៏ជា​ប្រភព​សេដ្ឋកិច្ច​ជាតិមិនចេះ​រីងស្ងួត​របស់​កម្ពុជា​ផងដែរ។

លោកជឿជាក់ថា ​ដំណើរ​ទស្សនកិច្ច​លើកនេះនឹងជា​ចំណែក​មួយដ៏សំខាន់ ក្នុងការ​រឹតចំណង​មិត្តភាព​ប្រទេស​ទាំងពីរ​ឱ្យកាន់តែ​ល្អប្រសើរ​បន្ថែមទៀត ទាំងវិស័យ​ការទូត​និងវិស័យ​នយោបាយ។ ជាមួយ​នឹងកិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ​នេះដែរ នឹងជួយ​ឱ្យសេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ ពិសេស​សៀមរាប​ដែលជាខេត្ត​ពឹងផ្អែក​ធំលើ​វិស័យ​ទេសចរណ៍ ដែលការណ៍នេះ​ប្រទេស​ចិននឹងជំរុញ​បន្ថែម​ទៀតនូវ​ជើងហោះហើរ​ត្រង់មកកាន់​ខេត្តសៀមរាប ជាមួយនឹង​ការជំរុញ​ភ្ញៀវទេសចរ​ចិនមកកាន់​ប្រទេស​កម្ពុជា​បន្ថែមទៀត​ផងដែរ។

តបតាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​សិង្ហបុរី​និងគណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ីន លី សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនីស្ដ​ចិន ដឹកនាំ​គណៈប្រតិភូ​បក្សកុម្មុយនីស្ត​ចិន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេស​សិង្ហបុរី​និងកម្ពុជា ចាប់ពី​ថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥៕

你可能还喜欢

评论被关闭。