មជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert បើកដំណើរការជាផ្លូវការ
មជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert របស់ក្រុមហ៊ុន ប៉េប៉េអឹម និងខនហ្វីរែល បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ថ្លែងក្នុងពិធីសម្ពោធនេះ លោកស្រី ចម និម្មល បានមានប្រសាសន៍ថា មជ្ឈមណ្ឌលកែច្នៃ និងអភិវឌ្ឍម្ហូបអាហារ និងមន្ទីរពិសោធន៍ Labiocert នឹងចូលរួមចំណែកជាច្រើនក្នុងការលើកកម្ពស់ការកែច្នៃ និងពង្រឹងគុណភាពម្ហូបអាហារ ក៏ដូចជាផលិតផលខ្មែរទាំងមូល។ គុណភាពចំណីអាហារពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្ដល់នូវសេចក្ដីទុកចិត្តដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាន ជាពិសេសការអភិវឌ្ឍម្ហូបអាហារប្រកបដោយគុណភាព ជាលក្ខខណ្ឌចាំបាច់មួយដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវជម្រើសផលិតផលម្ហូបអាហារថ្មីៗ មានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់សម្រាប់ទទួលទានប្រចាំថ្ងៃ និងអាចឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់នូវសិល្បៈនៃការធ្វើម្ហូបរបស់ខ្មែរ និងទាក់ទាញភ្ញៀវទេសចរឱ្យទទួលយកបទពិសោធន៍ម្ហូបអាហារដោយផ្ទាល់នៅកម្ពុជាផងដែរ។
លោកស្រី ចម និម្មល បានចែករំលែកទស្សនៈផ្ទាល់ខ្លួន និងផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីចូលរួមលើកស្ទួយការកែច្នៃនិងអភិវឌ្ឍម្ហូបអាហារនិងផលិតផលកម្ពុជា៖
១. លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ អ្នកផលិត អ្នកកែច្នៃ និង អាជីវករ ចាប់យកឱកាសនេះដើម្បីរួមគ្នាអភិវឌ្ឍវិស័យម្ហូបអាហាររបស់យើងឱ្យបានកាន់តែប្រសើរ និងមានភាពទាក់ទាញកាន់តែខ្លាំងឡើង។
២. លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស និងសាកលវិទ្យាល័យនិងគ្រឹះស្ថានស្រាវជ្រាវនានា ក្នុងការសិក្សាស្រាវជ្រាវវិធីសាស្រ្តថ្មីៗ ការលើកកម្ពស់គុណភាព និង ការបង្កើនការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
៣. លើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ទាំងម៉ាក គំនូរឧស្សាហកម្ម ប្រកាសនីយបត្រតក្កកម្ម ឬសិទ្ធិអ្នកនិពន្ធ ដើម្បីការពារនូវកិច្ចខិតខំប្រឹងប្រែងនិងរបកគំហើញថ្មីៗដែលក្រុមហ៊ុនបានរកឃើញ។
៤. លើកទឹកចិត្តឱ្យសហការជិតស្និទ្ធជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានព័ត៌មាននិងលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល និងឱកាសក្នុងការចាប់ដៃគូពាណិជ្ជកម្ម និងការបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
៥. លើកទឹកចិត្តឱ្យចូលរួមឱ្យបានសកម្មនូវរាល់ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច និង បេសកកម្មពាណិជ្ជកម្មនានា ដែលក្រសួងពាណិជ្ជកម្មរៀបចំ ដើម្បីផ្សព្វផ្សាយបន្ថែមអំពីកិត្តិនាមផលិតផលកម្ពុជា និងស្វែងរកកាលានុវត្តភាពធុរកិច្ចនិងវិនិយោគថ្មីៗបន្ថែមទៀត៕
评论被关闭。