លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ពលរដ្ឋគ្រប់រូបមានតួនាទីចូលរួមថែរក្សាសិល្បៈវប្បធម៌ជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមថែរក្សាសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិ គឺជាតួនាទីរបស់ពលរដ្ឋគ្រប់ៗគ្នា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងបែបនេះនាឱកាសធ្វើជាអធិបតីបើកកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ នៅសាលសន្និសីទចតុម្មុខ កាលពីពេលថ្មីៗនេះ។
លោកជំទាវបានលើកឡើងថា ពាក្យថាសិល្បៈ វប្បធម៌ គឺបង្ហាញតាមរយៈភ្លេង ចម្រៀង របាំ សម្លៀកបំពាក់ប្រពៃណីដែលប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ដែលប្រើប្រាស់ក្នុងពិធីផ្សេងៗ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ ពិធីផ្លូវការ និង ពិធីសាសនាជាដើម ហើយសូម្បីតែក្រណាត់ដែលយកមកកាត់ធ្វើជាសម្លៀកបំពាក់ ការត្បាញសរសៃសូត្រ រចនាបថ និង ការរចនា ក៏បញ្ជាក់ពីអត្តសញ្ញាណរបស់ជាតិសាសន៍នីមួយៗដូចគ្នាដែរ។
លោកជំទាវបានបន្តថា សម្លៀកបំពាក់ជាផ្នែកមួយនៃវប្បធម៌ ដែលបញ្ជាក់ពីឫសគល់នៃអរិយធម៌ដ៏ចំណាស់និងអត្តសញ្ញាណរបស់ជាតិសាសន៍នីមួយៗ។ ហេតុដូចនេះ ការថែរក្សា អភិវឌ្ឍ និង លើកតម្កើងកេរដំណែលវប្បធម៌ដ៏ល្អឯកនេះ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា។ យើងត្រូវយល់ច្បាស់អំពីប្រវតិ្តតម្លៃកេរដំណែល អត្ថន័យសម្លៀកបំពាក់ របៀបរបបនៃការប្រើប្រាស់ទៅតាមពិធីនិងពេលវេលា ព្រមទាំងការចូលរួមផ្សាយកម្រិតជាតិនិងអន្តរជាតិ៕